តូក្យូ ៖ កងកម្លាំងសហរដ្ឋអាមេរិកបានឲ្យដឹងថា ពួកគេបានបន្តការហោះហើរ យន្ដហោះ Ospreys របស់ពួកគេនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីបានផ្អាកជា បណ្តោះអាសន្ន នូវយន្តហោះដឹកជញ្ជូនរបស់ពួកគេទាំងអស់នៅទូទាំងពិភពលោក ដោយសារតែការព្រួkយបារម្ភ អំពីសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
អ្នកនាំពាក្យកងម៉ារីន អាមេរិកបានឲ្យដឹងថា ការបន្តការហោះហើរសម្រាប់យន្តហោះដឹកជញ្ជូន MV-22 បានកើតឡើង “បន្ទាប់ពីការពិនិត្យឡើងវិញនៃកងនាវាឱ្យបានហ្មត់ចត់ ដែលបានធ្វើឡើងក្នុងអំឡុង ពេលផ្អាកប្រតិបត្តិការ” ហើយការផ្អាកនាពេលកន្លងទៅ គឺធ្វើឡើងដោយសារតែបញ្ហាសុវត្ថិភាព ដោយសារតែយន្ដហោះប្រភេទ នេះបានជួបគ្រោះថ្នាក់ ជាច្រើនលើកមកហើយ ។
យន្តហោះ MV-22 បានហោះឡើងនៅម៉ោងប្រហែល ១០ និង ១៣នាទី ព្រឹក ពីស្ថានីយ៍អាកាស Marine Corps Air Station Futenma ក្នុងខេត្តអូគីណាវ៉ា ភាគខាងត្បូងប្រទេសជប៉ុន ហើយបានចុះចត ១៥ នាទីក្រោយមក នេះបើយោងតាមសាខាក្នុង តំបន់របស់ក្រសួងការពារជាតិជប៉ុន។
កាលពីដើមសប្តាហ៍នេះ កងម៉ារីនបានឲ្យដឹងថា ពួកគេកំពុងអនុវត្តការផ្អាកប្រតិបត្តិការ រយៈពេល ៩៦ ម៉ោងសម្រាប់ប្រតិបត្តិការ ហោះហើរដែលមិនសំខាន់ចាប់ពីថ្ងៃសុក្រ ដោយផ្អែកលើអនុសាសន៍ របស់បញ្ជាការប្រព័ន្ធអាកាស របស់កងទ័ពជើងទឹក បន្ទាប់ពីការចុះចត ដោយប្រុងប្រយ័ត្ននាពេលថ្មីៗនេះនៃយន្ដហោះ CV-22៕
ប្រែសម្រួល ឈូក បូរ៉ា