កីឡា

លោកបណ្ឌិត ជ្រិន សុធា ៖ ការប្រកួតនេះដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករ-កីឡាការិនីទាំងអស់

ភ្នំពេញ៖ លោកបណ្ឌិត ជ្រិន សុធា ទីប្រឹក្សាសម្តេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា និងជាអគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ លោក ជា ប៊ុនឆាយ តំណាងក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ លោក យ៉ាន តុលា អនុប្រធានប្រតិភូកីឡាតេក្វាន់ដូកងយោធពលខេមរភូមិន្ទ និងលោកគ្រូ ហែម សំណាង ប្រធាអាជ្ញាកណ្តាលជាតិ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក គង់ សក្ខិដា អគ្គលេខាធិការរងខេមរសហព័ន្ធតេក្វាន់ដូ WT បានប្រាប់ឲ្យដឹងថា តាំងនាមឲ្យគណៈកម្មការរៀបចំការប្រកួតកីឡាតេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ ការប្រកួតមាន ក្លិបកីឡាតេក្វាន់ដូ WT មកពីបណ្តារាជធានី-ខេត្ត ចូលរួមសរុបចំនួន ៣២ ក្លិប ស្នើនឹង ១៧២នាក់ (ប្រតិភូគ្រូបង្វឹក ៤៧នាក់ កីឡាករ ៦៥នាក់ និងកីឡាការិនី៦០នាក់) ក្នុងនោះ ក្លិបនៅរាជធានីភ្នំពេញចំនួន ២២ក្លិប ខេត្តកណ្តាល ២ក្លិប ខេត្តបាត់ដំបង ៥ក្លិបខេត្តសៀមរាប ២ក្លិប និងខេត្តរតនគិរី ១ក្លិប។

លោកលោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា ក្នុងនាមខេមរសហព័ន្ធតេក្វាន់ដូ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ដែលបានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូនដោយរក្សាបាននូវសុវត្ថិភាព-សុខភាពដល់អ្នកចូលរួម ក៏សូមអរគុណដល់ក្មួយៗកីឡាករ-កីឡាការិនីទាំងអស់បានគោរពនូវបទបញ្ជាប្រកួតបានល្អប្រសើរ។

សូមថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់វិស័យកីឡានៅកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះក៏បានផ្តល់ឱកាសដល់ប្រភេទកីឡាតេក្វាន់ដូ WT ដើម្បីបានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទៅផងដែរ។ ការប្រកួតនេះដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករ-កីឡាការិនីទាំងអស់ ត្រៀមជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិឆ្ពោះទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ និងការប្រកួតជាលក្ខណៈអន្តរជាតិនានា។

លោកអគ្គលេខាធិការ បានបញ្ជាក់ថា តាមរបាយការណ៍ របស់គណៈកម្មការរៀបចំការប្រកួត ឃើញថាប្អូនៗកីឡាករ-កីឡាការិនីទាំងអស់ ដែលខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជំនះ នាពេលនេះ ហើយសង្ឃឹមថា ប្អូនៗកីឡាករ-កីឡាការិនី ដែលពុំទទួលបានជ័យលាភីក្នុងឆ្នាំនេះ កុំអស់សង្ឃឹមសូមត្រៀមខ្លួន សម្រាប់កម្មវិធីប្រកួតផ្សេងៗទៀត ព្រោះការប្រកួត ត្រូវមានចាញ់ មានឈ្នះ សំខាន់ កីឡានាំមកនូវមិត្តភាព សាមគ្គី និងការអភិវឌ្ឍ។ ទន្ទឹមនឹងនេះ សូមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ត្រៀមខ្លួនដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) នាឆ្នាំ២០២៩ ដែល ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតនេះអាចដំណើរការទៅបាន ដោយសារមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈថវិកាគ្រាំទ្រជួយពន្លឿន ដល់ការអភិវឌ្ឍ របស់ខេមរសហព័ន្ធតេក្វាន់ដូ ប្រចាំឆ្នាំ២០២៤ សម្រាប់ជាឱកាសដល់កីឡាករ-កីឡាការិនីទាំងអស់ បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ក្នុងការដណ្តើមជ័យលាភី រៀងៗខ្លួន ដើម្បីប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ គោលដៅឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ និងហ្វឹកហាត់ត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា៕

ដោយ៖ លី ភីលីព

Most Popular

To Top