ភ្នំពេញ៖ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិលើកទី២ បានបញ្ចប់ដោយភាពជោគជ័យខ្ពស់ និងទទួលបានការចូលរួមពីកីឡាករ-កីឡាការិនីច្រើនជាងឆ្នាំកន្លងទៅ ហើយព្រឹត្តការណ៍ថ្នាក់ជាតិនេះបានធ្វើឡើង ក្រោមការចូលរួមសហការយ៉ាងសំខាន់ពីប្រធាន អនុប្រធាន និង សមាជិកប្រតិបិត្តទាំងអស់ ដោយបានចូលរួមជាថវិការផ្ទាល់ខ្លួន និង គៀងគរដៃគូសហការឧបត្ថម្ភ ដើម្បីរៀបចំការប្រកួតនេះឲ្យកើតមានឡើង។
អនុប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ លោក គួច ហុងជៀក មានប្រសាសន៍ថា ទោះបី ជាការចូលរួមប្រកួតប្រជែង ក្នុងជើងឯកថ្នាក់ជាតិនេះ ទទួលបានលទ្ធផលល្អ ឬមិនសូវល្អក្តី ក៏កុំបាក់ទឹកចិត្ត ដោយត្រូវពង្រឹងស្មារតីប្រកួតប្រជែង ឱ្យបានល្អ ហើយត្រូវដុសខាត់សមត្ថភាពឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។ ជាធម្មតា ការប្រកួតតែងតែមានឈ្នះ មានចាញ់ ហើយជាការវាស់ស្ទង់នូវការហ្វឹកហាត់ ឬគុណភាពសមត្ថភាពរបស់កីឡាករ កីឡាការិនីម្នាក់ៗ ពីព្រោះថា ការប្រកួតមានគោលដៅបង្កើនសមត្ថភាព កសាងមិត្តភាព សាមគ្គីភាព ព្រមទាំងអភិវឌ្ឍបច្ចេកទេសរបស់ខ្លួនផងដែរ។ លោក គួច ហុងជៀក ក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីចូលរួមប្រកួតលើវិញ្ញាសាឱ្យបានច្រើន ពីព្រោះនេះជាទិសដៅរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីជំរុញ និងវាស់ស្ទង់កម្រិតបច្ចេកទេសធនធានកីឡាករ កីឡាការិនីល្អៗ ត្រៀមចូលរួមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍អន្តរជាតិ នាឆ្នាំ២០២៥ខាងមុខ។
លោកបានបន្ថែមថា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាណាព្យាបាលរបស់សិស្សគុនទាំងអស់ដែលតែងតែយល់ដឹង និងលើកទឹកចិត្តដល់កូនៗរបស់ខ្លួនឱ្យចូលរួមហ្វឹកហាត់កីឡាដើម្បីសុខភាពល្អ និងអាចក្លាយជាធនធានសម្រាប់ជាតិ ក្នុងវិស័យកីឡាផងដែរ។ លោកចាត់ទុកថា នេះជាការរួមចំណែកដ៏សំខាន់របស់អាណាព្យាបាលទាំងអស់ ក្នុងការលើកតម្កើនដល់សុខភាពរបស់សង្គមជាតិ ដោយកាលណាប្រជាជនយើងមានសុខភាពល្អ មានន័យថា ប្រទេសជាតិយើងសម្បូរទៅដោយធនធានមនុស្សច្រើនប្រកបដោយគុណភាពជីវិតកាន់តែល្អប្រសើរ ហើយជាការកាត់បន្ថយនូវភាពក្រីក្ររបស់ក្រុមគ្រួសារ រួមទាំងសង្គមជាតិយើងផងដែរ។
ប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤លើកទី២នេះ ធ្វើឡើងរយៈពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ខែធ្នូឆ្នាំ២០២៤ ដោយមានការចូលរួម ពីសមាគម ក្លឹបចំនួ៥ រួមមាន៖ ក្លឹបធីណាហាប់គីដូ , ក្លឹប ឥន្ទ្រីយ៍ , ក្លឹបអូឡាំពិក ក្លឹបម៉ាស្ទ័រសេង និង សមាគមកីឡាក្រសួងមហាផ្ទៃ។ ជាក់ស្តែងឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញកាលពីល្ងាចថ្ងៃទី២២ធ្នូឆ្នាំ២០២៤ម្សោលមិញនេះ សហព័ន្ធក៍បានរកឃើញម្ចាស់ជ័យលាភីទៅតាមប្រភេទវិញ្ញាសានីមួយៗផងដែរ ដោយមានទាំងវិញ្ញាសា កុមារា កុមារី និង កីឡាករ កីឡាការិនី វ័យធំផងដែរ។
បើទោះជាបានរៀបចំការប្រកួតចំនួន២លើកហើយក្តី សហព័ន្ធមិនទាន់ទទួលបាន ការគាំទ្រជាថវិកាពីស្ថាប័នណានោះទេ ដោយប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររៃអង្គាសរបស់សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធផ្ទាល់ខ្លួនម្នាក់ៗ បូករួមជាមួយនឹងសប្បុរសជន និងក្រុមហ៊ុននានា ដែលបានផ្តល់ការគាំទ្រប៉ុណ្ណោះ។
យ៉ាងណាក៍ដោយក្នុងនាមសហព័ន្ធ លោក គួច ហុងជៀក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលតែងតែផ្តល់ការគាំទ្រជាស្មារតី ក្នុងការលើកកម្ពស់សកម្មភាពអភិវឌ្ឍជំនាញកីឡាហាប់គីដូនៅប្រទេសកម្ពុជា និងការចេញទៅប្រកួតអន្តរជាតិកន្លងទៅ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធស្តីទីរូបនេះក៏បានថ្លែងអំណរគុណដល់ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលតែងតែផ្តល់ទីតាំង និងសម្ភារផ្សេងៗ ក្នុងន័យគាំទ្រដល់ការរៀបចំប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំផងដែរ៕
ដោយ៖លី ភីលីព