ខេត្តកណ្តាល ៖នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានបិទការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅកីឡដ្ឋានខេត្តកណ្តាលរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។
ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ឃួន សុខុម អនុប្រធាន មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងប្រធានការិយាល័យនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។
លោកស្រី ឃួន សុខុម បានមានប្រសាសន៍យើងឃើញថា ខេត្តកណ្តាលនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាក្នុងខេត្ត ក៏មានសកម្មភាពផុសផលគួរឱ្យកត់សម្គាល់។ទាំងអស់នេះគឺជាការរួមចំណែក យ៉ាងសកម្មពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏ដូចជាបងប្អូនប្រជា ពលរដ្ឋ ពិសេសអ្នកដែលស្រឡាញ់សុខៈមាលភាព និងចូលចិត្តលេងកីឡា បានរួមចំណែកយ៉ាង សំខាន់បំផុត ក្នុងការអភិវឌ្ឍវិស័យកីឡាក្នុងខេត្តឱ្យមានការរីកចម្រើន។ ក្នុងនិតិកាលទី៧ នៃ ររដ្ឋសភានេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្តើមអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើ “ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។
លោកស្រីបានបន្តថា ការប្រកួតកីឡាបាល់ទាត់វ័យចាស់ខេត្តកណ្តាល ប្រចាំឆ្នាំ២០២៤ បង្កើតឡើងក្នុងគោលបំណងឲ្យកីឡាករវ័យចាស់ ឬអ្នកដែលស្នេហាវិស័យបាល់ទាត់មានឱកាសចូលលេងលើទីលាន និងទទួលបានឱកាសបញ្ចេញជាតិពុលតាមរយៈការលេងកីឡា។ ការប្រកួតធ្វើឡើងក្នុងគោលបំណង រឹតចំណងមិត្តភាព រវាងក្រុមបាល់ទាត់វ័យចាស់តាមបណ្តាលក្រុងស្រុក និងក្រុមបាល់ទាត់វ័យចាស់ផ្សេង ដើម្បីផ្សព្វផ្សាយ ព្រមទំាងជំរុញឲ្យយុវជនក្នុងខេត្តកណ្តាលនាំគ្នាលេង កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាពរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីយុវជនម្នាក់ទៅយុវជនម្នាក់ទៀត ។
នេះជាការប្រកួតមិត្តភាពមួយ ដើម្បីរឹតចំណងរវាងក្រុមទំាងអស់ដែលបានចូលរួម ជាពិសេសក្រុមប្រមូលផ្តុំកីឡាករបាល់ទាត់វ័យចាស់ អតីតជម្រើសជាតិកម្ពុជា និង គ្រូបង្វឹកកីឡាបាល់ទាត់កម្ពុជា និងផ្ដោតតែលើសុខភាព និងលេងដើម្បីបង្ហាញពីការចូលរួមលេង កីឡាទាំងអស់គ្នាស្រប តាមអនុសាសន៍របស់សម្ដេច “ប្រជាពលរដ្ឋម្នាក់លេងកីឡា យ៉ាងហោចណាស់មួយមុខ” ។
ក្រុមបាល់ទាត់បាល់ទាត់ SCV FC គ្រងតំណែងជើងឯកការប្រកួតកីឡាបាល់ទាត់វ័យចាស់ក្នុងព្រឹត្តិការណកីឡាសម្រាប់ទំាងអស់គ្នាប្រចាំឆ្នាំ ២០២៤ ក្រុមបាល់ទាត់បាល់ទាត់មហាមិត្តគ្រងតំណែងជើងឯករង ក្រុមបាល់ទាត់បាល់ទាត់មុខកំពូលជាប់ចំណាត់ថ្នាក់លេខ៣៕
ដោយ៖លី ភីលីព