ក្យូតូ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា សាកលវិទ្យាល័យជប៉ុន និងក្រុមហ៊ុនសំណង់មួយបានសហការគ្នាលើការស្រាវជ្រាវដើម្បីបង្កើតលំនៅភពព្រះច័ន្ទដែលមានសមត្ថភាពបង្កើតទំនាញសិប្បនិម្មិតអាចឲ្យមនុស្សរស់នៅលើព្រះច័ន្ទក្រោមលក្ខខណ្ឌស្រដៀងនឹងមនុស្សនៅលើផែនដី។
សាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុន Kajima Corp មានគោលបំណងសាងសង់គំរូដើមនៅលើដីនៃ “Neo Lunar Glass” ជារចនាសម្ព័ន្ធ paraboloid ដែលបង្កើតទំនាញតាមរយៈការបង្វិលនៅត្រឹមឆ្នាំ២០៣០។ បច្ចេកវិទ្យានេះត្រូវបានគេរំពឹងថានឹងដោះស្រាយការព្រួយបារម្ភអំពីផលប៉ះពាល់អវិជ្ជមាននៃការប៉ះពាល់នឹងមីក្រូទំនាញយូរនៅលើរាងកាយមនុស្ស រួមទាំងការបាត់បង់ឆ្អឹង និងសាច់ដុំ។
សមាជិកក្រុម Yosuke Yamashiki សាស្ត្រាចារ្យនៃការសិក្សារួមបញ្ចូលគ្នាកម្រិតខ្ពស់ក្នុងការរស់រានមានជីវិតរបស់មនុស្សនៅសាកលវិទ្យាល័យក្យូតូបាននិយាយថា គម្រោងនេះទាមទារឲ្យមានការលោតផ្លោះផ្នែកបច្ចេកវិទ្យាដ៏សំខាន់ ប៉ុន្តែយើងមានបំណងសម្រេចវា និងត្រួសត្រាយផ្លូវសម្រាប់អាណានិគមអវកាស។
រចនាសម្ព័ន Lunar Glass នឹងមានអង្កត់ផ្ចិតប្រហែល ២០០ម៉ែត្រ និងកម្ពស់ ៤០០ម៉ែត្រ ដែលមានសមត្ថភាពអាចស្នាក់នៅបានរហូតដល់ ១០,000នាក់។ នៅក្រោមគម្រោងដែលបានចាប់ផ្តើមក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន បញ្ហាប្រឈមនឹងត្រូវបានកំណត់ជាលើកដំបូងតាមរយៈគំរូ និងការក្លែងធ្វើកុំព្យូទ័រ។
គំរូខ្នាត ១:២០០០ ត្រូវបានបង្ហាញ នៅពេសាកលវិទ្យាល័យ Kyoto និង Kajima បានប្រកាសពីការចាប់ផ្តើមនៃការស្រាវជ្រាវរួមគ្នាពេញលេញនៅដើមខែនេះ។ ពួកគេក៏បានធ្វើការក្លែងធ្វើ ដែលបង្ហាញពីឥរិយាបថរបស់វត្ថុនៅក្រោមទំនាញសិប្បនិម្មិត៕