នៅពេលសម្រេចចិត្ត ក្នុងការទិញទូរស័ព្ទថ្មីមួយ មនុស្សភាគច្រើនបានគិតគូ ទៅលើចំណុចសំខាន់ៗដូចជា អេក្រង់ កម្លាំងម៉ាស៊ីន កាមេរ៉ា និង ទំហំថ្ម។ បញ្ហាដែលគេកំពុងជួបប្រទះសព្វថ្ងៃនោះ គឺទូរស័ព្ទឆាប់ឡើងកម្តៅ នៅពេលប្រើប្រាស់ទៅលើការលេងហ្គេម ការប្រើប្រាស់មុខងារកាត់តវីដេអូ និង ការងារធំៗមួយចំនួនទៀត។
ដើម្បីដោះស្រាយ នូវបញ្ហាថ្មទូរស័ព្ទ ក្រុមហ៊ុនធំៗមួយចំនួន បានបញ្ចេញមុខងារសាកថ្ម Bypass ។ មុខងារសាកថ្ម Bypass ជាបច្ចេកវិទ្យាទំនើបមួយដែល ជួយការពារទៅដល់ សុខភាពថ្មទូរស័ព្ទ ។ នៅពេលអ្នកប្រើមុខងារមួយនេះ គឺ វានឹងទាញថាមពលពីចរន្តអគ្គិសនី ទៅជួយ support លើគ្រឿងម៉ាស៊ីនផ្នែកខាងក្នុងរបស់ទូរស័ព្ទ និង អេក្រង់ដើម្បីដំណើរការ។ ដូចនេះមានន័យថា វាមិនបានសាកដោយផ្ទាល់ទៅកាន់ថ្មទូរស័ព្ទ ទេ ។ មុខងារនេះ អាចជួយការពារទូរស័ព្ទរបស់អ្នក ពីការឆាប់ខូចថ្ម និង ជួយឱ្យសុខភាពថ្ម អាចប្រើប្រាស់បានយូរ អង្វែងជាងមុន។
មុខងារសាកថ្ម Bypass ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមច្រើន និង អ្នកប្រើប្រាស់ទូរស័ព្ទដៃដើម្បីកាត់ត វីដេអូ ជាដើម។ យ៉ាងណាមិញមុខងារនេះ គឺមានតែនៅលើទូរស័ព្ទ របស់ក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ដូចជា ៖
Google : ចាប់ពីម៉ូដែល Pixel 6 ដល់ Pixel 9
Samsung : ចាប់ពីម៉ូដែល Galaxy A35 ដល់ Galaxy S24
ASUS : ម៉ូដែល ROG3 ROG9 និង Zenfone 11 Ultra
Sony : ម៉ូដែលត្រកូល Xperia
Infixin : ម៉ូដែល Hot 40 Pro និង ម៉ូដែល flagship មួយចំនួនទៀត
IQOO : ម៉ូដែល IQOO 13
ចំណែកទូរស័ព្ទ ផ្សេងទៀត ដូចជា Xiaomi Black Shark 5 និង Nubia REDMAGIC 9 Pro ក៏បានបំពាក់នូវមុខងារ សាកថ្ម Bypass នេះដែរ។ នៅពេលបច្ចុប្បន្នមុខងារនេះ ត្រូវប៉ាន់សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម បូករួមជាមួយក្រុមហ៊ុន Google ដែលបានបំពាក់វាលើទូរស័ព្ទត្រកូល Pixel របស់ខ្លួននោះ គេជឿថានៅពេលខាងមុខនេះ មុខងារសាកថ្ម Bypass នឹងត្រូវបានគេស្គាល់ទូលំទូលាយជាងមុន៕