កីឡា

លោកអភិសន្តិបណ្ឌិត ស សុខា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិកនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ភ្នំពេញ៖នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួមហាផ្ទៃ ដែលដណ្តើមបានមេដាយមាស ប្រាក់ សំរឹទ្ធ ពីការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅនៅសាលប្រជុំអាគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ។


លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ប្រាប់ឲ្យដឹងថា ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល ជំនួសមុខឲ្យថ្នាក់ដឹកនាំ នាយនគរបាល មន្រ្តីនគរបាល ប្រតិភូ ប្រតិភូរង គ្រូបង្វឹក គ្រូជំនួយ និងក្រុមអត្តពលិកទាំងអស់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានសម្ដែងការគោរពថ្លែងអំណរគុណ ដឹងគុណគុណូបការៈដល់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលកន្លងមក សម្តេច បានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងធនធានយ៉ាងច្រើនដើម្បីជ្រោមជ្រែងលើកស្ទួយដល់អត្តពលិកប្រតិភូកីឡាចំណុះក្រសួងមហាផ្ទៃ ទទួលបានឱកាសបញ្ចេញសមត្ថភាពតាមរយៈការចូលរួមលើកកម្ពស់កិត្យានុភាព ឧត្តមភាព និងកិត្តិយសជូនក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងអន្តរជាតិផងដែរ។


លោកអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា យោងតាមរបាយការណ៍របស់លោ សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកអភិសន្តិបណ្ឌិតរដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ថា ជាមោទកភាពដ៏ធំធេងមួយ ដោយមិនមែនសម្រាប់តែក្រសួងមហាផ្ទៃប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាកិត្តិយសរបស់ជាតិទាំងមូលដែលអត្តពលិកក្រសួងមហាផ្ទៃ ចូលរួមប្រកួត និងដណ្ដើមបានមេដាយជាមួយកំណត់ត្រាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។


លោកអភិសន្តិបណ្ឌិត ក៏បានសម្ដែងការដឹងគុណដល់ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានកសាងស្នាដៃដ៏គួរជាទីមោទក ជាពិសេសវិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់មុខមាត់ជាតិ ទាំងក្នុង និងក្រៅប្រទេស ហើយបន្សល់ទុកដល់អ្នកជំនាន់ក្រោយ បន្តពង្រឹង ពង្រីក និងអភិវឌ្ឍន៍ឱ្យកាន់តែរីកចម្រើន។


បន្ថែមលើសនេះ លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់អត្តពលិក គ្រូបង្វឹក គ្រូជំនួយទាំងអស់ ដែលបានខិតខំប្រឹងប្រែងដណ្ដើមមេដាយជូនជាតិមាតុភូមិ និងក្រសួងមហាផ្ទៃ និងបានជូនពរអត្តពលិកទាំងអស់ បន្តជួបតែសុខភាពល្អ ដើម្បីបន្តប្រជែងយកមេដាយជូនជាតិនៅការប្រកួតក្រោយៗទៀត។


ជាកិច្ចចុងក្រោយលោកអភិសន្តិបណ្ឌិត ក៏បានផ្តល់ជូននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដល់អត្តពលិក នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវរៀបចំខ្លួនឱ្យបានល្អប្រសើរ ដើម្បីចូលរួមប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រថៃ ក្នុងនាមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា៕

Most Popular

To Top