ផ្សេងៗ

ត្រាំ ចង់ឃើញ TikTok មានវត្តមាន​ នៅលើទឹកដីអាមេរិក មួយរយៈពេលទៀត

ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានជម្រុញឱ្យតុលាការកំពូល របស់អាមេរិក ផ្គាកច្បាប់សហព័ន្ធ ដែលច្បាប់នេះ អាចឈានទៅបិទបណ្តាញសង្គម TikTok ទាំងស្រុងតែម្តង នៅក្នុងសហរដ្ឋអាមេរិក ។ បណ្តាញសង្គមដ៏ល្បីល្បាញ នៅលើពិភពលោក មួយនេះ មានរឿងចម្រូងចម្រាស់ បន្ទាប់ពីគេចាត់ទុកថា វាជះឥទ្ធិពលដល់សន្តិសុខជាតិ របស់អាមេរិក។

TikTok និងក្រុមហ៊ុនមេ របស់ខ្លួន ByteDance បាននឹងកំពុងព្យាយាមតស៊ូមតិ ដើម្បីរក្សាទុក បណ្តាញសង្គមដ៏ពេញ និយមមួយនេះ ឱ្យមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក ។ នាពេលកន្លងមក សភាអាមេរិក បានធ្វើការបោះឆ្នោតដើម្បីបិទ TikTok នៅក្នុងប្រទេសរបស់ខ្លួន ប៉ុន្តែមានលក្ខខណ្ឌមួយថា TikTok អាចមានវត្តមានបន្តទៀត លើដីអាមេរិកបាន លុះត្រាណាតែលក់វា ទៅឱ្យក្រុមហ៊ុនផ្សេងគ្រប់គ្រង ។

ប្រសិនបើច្បាប់ដែលបានបោះឆ្នោតគាំទ្រ ដោយសភាអាមេរិក នេះ ចូលជាធរមាន នោះ TikTok នឹងត្រូវបិទ លែងមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ តទៅ ពោលគឺមានរយៈពេល ១ ថ្ងៃមុនពេលដែល ប្រធានាធិបតីជាប់ឆ្នោត Donald Trump ចូលកាន់តំណែងជាផ្លូវការ ។ យ៉ាងណាមិញ ពាក់ព័ន្ធជាមួយបញ្ហានេះ លោក Trump បាននិយាយថា លោកពេញចិត្តនឹងឱ្យ TikTok បន្តប្រតិបត្តិការបស់ខ្លួន មួយរយៈពេលទៀត នៅអាមេរិក ព្រោះថា នៅអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត កន្លងទៅ លោកបានបង្ហោះវីដេអូ ហើយមានអ្នកមើលចូលដល់ខ្ទង់ ពាន់លាននាក់ នៅក្នុង បណ្តាញសង្គមមួយនេះ។

ក្រសួងយុត្តិធម៌អាមេរិក បានព្រមានថា ឥទ្ហិពល របស់ចិនក្នុងការគ្រប់គ្រង TikTok នឹងជះផលអាក្រក់ដល់វិស័យ សន្តិសុខជាតិរបស់អាមេរិក។ ប៉ុន្តែថ្នាក់ដឹកនាំរបស់ TikTok បាននិយាយថា ក្រសួងយុត្តិធម៌អាមេរិក មានការយល់ច្រឡំថា កម្មវិធីបណ្តាញសង្គម របស់ខ្លួន មានការជាប់ទាក់ទងជាមួយចិន ដោយបានលើកហេតុផលថា ទិន្នន័យរបស់អ្នកប្រើប្រាស់ (User Data) ត្រូវបានរក្សាទុក នៅក្នុងសហរដ្ឋអាមេរិក ដោយប្រព័ន្ធ cloud servers របស់ Oracle Corp ខណៈពេលដែល គ្រប់វីដេអូទាំងអស់ ដែលបានបង្ហោះសុទ្ធសឹង តែធ្វើការវាយតម្លៃ ថាបានប៉ះពាល់ដល់អ្នក ប្រើប្រាស់អាមេរិក ឫ អត់ ក៏បានធ្វើឡើងនៅអាមេរិកផ្ទាល់ផងដែរ ៕

Most Popular

To Top