ទួរគី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សារមន្ទីរ Göreme នៅទីក្រុង Cappadocia របស់ប្រទេសទួរគី ទាក់ទាញអ្នកទេសចរមកពីជុំវិញ ពិភពលោកទស្សនាព្រះវិហារ ដែលមានអាយុ ១,០០០ ឆ្នាំរបស់ខ្លួនដែលបានឆ្លាក់ជារាងផ្សេងៗចូលទៅក្នុងភ្នំ។
សារមន្ទីរ Göreme Open-Air នៅជ្រលងភ្នំខេត្ត Central Nevşehir ស្ថិតនៅក្នុងរូងថ្មធម្មជាតិ ហើយត្រូវបានបង្កើតឡើង នៅចន្លោះសតវត្សទី ៤ និង ១៣ ដោយសហគមន៍គ្រិស្តបរិស័ទ រស់នៅទីនោះ។ នៅឆ្នាំ ១៩៨៥ វាត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ជាបេតិកភណ្ឌពិភពលោក។
តំបន់ Cappadocia ត្រូវបានគេដាក់ឈ្មោះថា “ទឹកដីនៃអច្ឆរិយៈ” សម្រាប់ទេសភាពធម្មជាតិដ៏អស្ចារ្យរបស់វា ដែលមានជួរភ្នំ និងទម្រង់ជាថ្ម sedimentary និងភ្នំភ្លើងជាលទ្ធផលនៃការផ្ទុះបានកើតឡើងកាលពី ៣ លានឆ្នាំមុន។ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ រដ្ឋាភិបាលទួរគីបានសាងសង់ផ្លូវ និងចំណតរថយន្តក្នុងចំណោមទម្រង់ថ្ម។
តំបន់នេះធ្លាប់ជាមជ្ឈមណ្ឌលសាសនា ដ៏សំខាន់ក្នុងកំឡុងសម័យ Byzantine ដោយមានអ្នកកាន់សាសនា គ្រិស្តគោរពបូជា និងរស់នៅក្នុងសំណង់លាក់កំបាំង ក្នុងផ្ទាំងថ្មរួមមានមានព្រះវិហារចំនួន ៣០ វិហារ និងវត្តអារាម។ កន្លែងល្បីៗរួមមាន Karanlik, Carikli, Elmali, Tokali និង Aziz Basil ប៉ុន្តែដំណើរកម្សាន្តភាគច្រើន ជាធម្មតានាំអ្នកទស្សនាទៅព្រះវិហារ២ ទៅ៣ ។ ព្រះវិហារក្នុងរូបភាពគឺ Karanlik ជាព្រះវិហារដ៏ធំបំផុតមួយ ហើយត្រូវបានសាងសង់ក្នុងសតវត្សទី១១ ៕