ព័ត៌មានអន្តរជាតិ

អាការៈព្រមាន ជំងឺមហារីកពោះវៀនធំ ដែលអ្នកគួរតែស្វែងយល់

MedicalNewsToday

ជំងឺមហារីក ដែលឃើញថា កើតឡើងច្រើនជាងគេ លំដាប់ថ្នាក់លេខបី លើមនុស្សប្រុសស្រី ក្នុងសហរដ្ឋអាមេរិក គឺជំងឺមហារីកពោះវៀនធំតែម្តង។ យ៉ាងណាមិញ បើសិនជាអ្នក កំពុងតែធ្លាប់មានអាការៈទាំងឡាយណា ដែលទាក់ទងនឹងជំងឺនេះ អ្នកគួរតែពិគ្រោះ ជាមួយគ្រូពេទ្យទៅ ។

មានមនុស្សច្រើនណាស់ ដែលធ្លាប់មានអាការៈមួយចំនួន ដូចជា ទល់លាមក ឬរាករូស ប៉ុន្តែ អ្នកមិនបាច់បារម្ភអ្វីឡើយ បើសិនជាវា មិនកើតឡើងជាប់រហូត ឬមានជាប់ទាក់ទង នឹងអាការៈផ្សេងទៀត របស់ជំងឺមហារីកពោះវៀនដូចជា ហូរឈាមតាមរន្ធគូថ ឬលាមកមានឈាម។

ខាងក្រោមនេះ គឺជារោគសញ្ញាព្រមាន របស់ជំងឺមហារីកពោះវៀនធំ ដែលអ្នកគួរតែប្រុងប្រយ័ត្ន ៖

-លាមកប្រែប្រួល
មហារីកពោះវៀនធំ នឹងបង្កជាការហូរឈាម ដែលធ្វើឲ្យលាមកទៅជាពណ៌ខ្មៅ ដូច្នេះ បើសិនជាអ្នក មានអាការៈបែបនេះ វាគួរតែដល់ពេល ពិគ្រោះជាមួយគ្រូពេទ្យហើយ។ មួយវិញទៀត ទំហំលាមកអាចនឹងមានលក្ខណៈតូចប៉ុនមុខ និងវែងដូចប៊ិចអញ្ជឹង ប៉ុន្តែ លក្ខណៈនៃការបន្ទោរបង់ អាចនៅធម្មតា។

-ហូរឈាមតាមរន្ធគូថ
ការហូរឈាមនៅចុងពោះវៀនធំ កើតឡើងច្រើនជាងពោះវៀនធំ។ បើសិនជាអ្នក សម្គាល់ឃើញថា លាមកលាយឈាមមែននោះ ចូរទៅជួបគ្រូពេទ្យភ្លាមទៅ។ ការហូរឈាមអាចកើតឡើង ក្រោយពីមានការបន្ទោរបង់ដ៏ឈឺចាប់រួច។

-ឈាមក្នុងលាមក
បើសិនជាអ្នករកឃើញថា លាមកអ្នកមានឈាមលាយ វាប្រហែលជាសញ្ញាមួយ របស់ជំងឺមហារីកពោះវៀនធំហើយ។ បើសិនជាឃើញមាន សម្បោរលាមកពណ៌ខ្មៅ ឬឈាមស្រស់ អ្នកក៏ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដែរ។

-ពិបាកបន្ទោរបង់
បើសិនជាអ្នកធ្លាប់មានអារម្មណ៍ថា មិនអាចបន្ទោរបង់អស់ ឬត្រូវការបន្ទោរបង់ភ្លាម ហើយពេលបន្ទោរបង់ទៅ មិនចេញលាមកទេ វាអាចជាសញ្ញា របស់មហារីកពោះវៀនធំតែម្តងហើយ។

-ឈឺពោះ
បើសិនជាអ្នក ធ្លាប់មានអាការៈមិនស្រួល ក្នុងពោះម្តងម្កាលនោះ វាគឺជារឿងធម្មតាទេ។ យ៉ាងណាមិញ បើសិនជាអ្នក មានអារម្មណ៍ថា ឈឺពោះបែបរមួល ផោម និងហើមពោះជាប់រហូតនោះ អ្នកទំនងជាអាចមាន ជំងឺមហារីកពោះវៀនហើយ។

-រាករូស
អាការៈមួយទៀត របស់ជំងឺមហារីកពោះវៀន គឺរាករូសជាប់រហូត។ តាមការសិក្សាបានឲ្យដឹងថា មានមនុស្សច្រើនជាងម្នាក់ក្នុងចំណោម ៥ នាក់ ដែលមានជំងឺមហារីកពោះវៀនធំ គឺធ្លាប់រាក។

-ចង្អោរ និងក្អួត
វាគឺជារឿងធម្មតាទេ ដែលជីវិតមនុស្សយើង ពេលខ្លះ ជួបនូវបញ្ហាក្អួត និងចង្អោរ ជាពិសេស ពេលមានជំងឺតែម្តង។ យ៉ាងណាមិញ បើសិនជាការក្អួតចង្អោរនេះ កើតឡើងជាប់ ដោយគ្មានហេតុផលនោះ វាអាចជាសញ្ញាមួយ របស់ជំងឺមហារីកពោះវៀនធំហើយ។

-ស្រកទម្ងន់
បើសិនជាអ្នកសម្គាល់ឃើញថា ខ្លួនឯងស្រកទម្ងន់ តែញ៉ាំទៀងទាត់ហើយនោះ វាអាចមានន័យថា អ្នកកំពុងតែវិវត្ត ទៅជាជំងឺមហារីកពោះវៀនហើយ។ តាមការស្រាវជ្រាវបានឲ្យដឹងថា មានមនុស្សច្រើនជាងមួយភាគបី នៃអ្នកជំងឺមហារីកពោះវៀនធំ ធ្លាប់មានអាការៈស្រកទម្ងន់ ដោយមិនដឹងមូលហេតុ។

-កង្វះគ្រាប់ឈាម
កង្វះគ្រាប់ឈាម អាចជាសញ្ញាមួយ ដែលបង្កឡើងដោយ មហារីកពោះវៀន។ អាការៈនេះ អាចមានរោគសញ្ញាដូចជា ខ្សោយ អស់កម្លាំងគ្រប់ពេល ដកដង្ហើមខ្លីៗ ហើយស្បែកប្រែទៅជាស្លេកស្លាំង។

-ទល់លាមក
ការទល់លាមករ៉ាំរ៉ៃ ប្រហែលជាសញ្ញាមួយ នៃជំងឺមហារីកពោះវៀនធំហើយ។
សរុបសេចក្តីមក កាលណាអ្នករកឃើញ រោគសញ្ញាព្រមាន របស់ជំងឺមហារីកពោះវៀនធំនេះ បានលឿនកាលណា អត្រានៃការព្យាបាលជាសះស្បើយ នឹងមានច្រើន ដូច្នេះ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗ ក្រោយពីអ្នកសម្គាល់ឃើញ មានអាកាៈដែលបានរៀបរាប់ដូចលើនេះ។
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top