ភ្នំពេញ ៖ ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈកីឡាករដ៏ឆ្នើម សុខ លីមហេង បានឈ្នះជើងឯកម្តងទៀត ដែលជាការគ្រប់គ្រងម្ចាស់ដំណែងជើងឯក ៥សម័យកាលជាប់ៗគ្នា ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដ៏ជក់ចិត្តនេះ ម្ចាស់មេដាយមាសជើងឯកថ្នាក់ជាតិ ៤សម័យកាល សុខ លីមហេង ដែលឈ្នះ មេដាយមាស និងពានរង្វាន់ជើងឯកនេះ គឺបន្ទាប់ពីបានប្រកួតឈ្នះជើងខ្លាំង ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ ហើយកីឡាករ ឈាវ បូរ៉ា ទទួលបានមេដាយប្រាក់ ខណៈចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ជា ស៊ីដេត និងលេខ៤ បានទៅ លើកីឡាករ នូ ច័ន្ទផានិត (មេដាយសំរឹទ្ធ) ។ កីឡាករដ៏ឆ្នើមវ័យ២៥ឆ្នាំ នៃវិស័យកីឡាអុកចត្រង្គ សុខ លីមហេង បានឈ្នះមេដាយមាស ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ៥សម័យកាលជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៨ ឆ្នាំ២០២១៩ និងឆ្នាំ២០២០ (២០២១-២០២២ ខកខានរៀបចំ២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩) និងបន្តឈ្នះមេដាយមាស នៅឆ្នាំ២០២៣ និងចុងក្រោយមេដាយមាស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤។
ពិធីបិទការប្រកួត និងបំពាក់មេដាយជូនដល់ជ័យលាភី ទទួលបានកិត្តិយសអញ្ជើញជាអធិបតីពីលោក សេក សុភ័ក្ត្រ អគ្គលេខាធិការ តំណាងលោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងមានការចូលរួមពីលោក សៀន សុភក្ត្រ នាយករងមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ តំណាងលោក ខូវ ឆាយ អគ្គលេខាធិការ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ព្រមទាំងតំណាង និងប្រតិភូជាច្រើនរូបទៀត ។
លោក សេក សុភ័ក្ត្រ បានលើកឡើងថា នេះជាលើកទី៤ សម្រាប់ឆ្នាំ២០២៤របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អ ក្នុងការលេងអុកចត្រង្គ ដើម្បីត្រៀម សម្រាប់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសចូល រួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេស នាខែធ្នូ ឆ្នាំ២០២៥ ។
លោកបានរម្លឹកថា សហព័ន្ធ បានប្រារព្ធធ្វើមហាសន្និបាត សម្រាប់អាណត្តិថ្មី ក្នុងគោលបំណងសំខាន់ ដើម្បីរួមចំណែក អភិរក្ស អភិវឌ្ឍ កីឡាអុកចត្រង្គកម្ពុជា ដែលជាកេរមរតកពីដូនតាខ្មែរយើង ដើម្បីឱ្យកូនចៅជំនាន់ ក្រោយបានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់បណ្តាប្រទេសក្នុងតំបន់ និងជុំវិញពិភពលោកផងដែរ។
យោងតាមរបាយការណ៍បច្ចេកទេស បានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះ បានដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥ ក្រោមការរៀបចំ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC។
ក្រោមការដឹកនាំរបស់ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានកែទម្រង់ផ្នែកបច្ចេកទេសយ៉ាងខ្លាំង រហូតបានឈានជើង ចូលបើកការប្រកួតនៅឆ្នាំនេះ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការប្រកួតកីឡាអុកចត្រង្គ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ និងមានការសហការគ្នា បានយ៉ាងល្អរវាងកីឡាករ កីឡាការនីទាំងអស់មកពីរាជធានី-ខេត្ត បានបង្ហាញនូវទឹកចិត្តចូលរួមយ៉ាងសកម្ម ដែលបានញ៉ាំងឱ្យការប្រកួតនេះ ប្រព្រឹត្តទៅបានយ៉ាងរលូន ប្រកបដោយជោគជ័យ ។
អ្វីកាន់តែពិសេស គឺការប្រកួតប្រជែង កាន់តែមានកម្រិតខ្ពស់លើផ្នែកគុណភាពបច្ចេកទេស ដែលជាកត្តានាំឱ្យសហព័ន្ធកីឡា អុកចត្រង្គកម្ពុជាទទួលបានក្លឹបកីឡាអុកចត្រង្គចំនួន១៨ក្លឹប មានកីឡាករកីឡាការិនីចូលរួមប្រកួតសរុប ៦៥នាក់ (ស្រី ចំនួន០២នាក់) ។ ការប្រកួតនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំវិញ្ញាសា ប្រកួតតែ១ប៉ុណ្ណោះ គឺវិញ្ញាសា ឯកត្តជនបុរសនារី ចម្រុះរយៈពេល ៦០នាទី ៕