បច្ចេកវិទ្យា

ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនកំពុងប្រកួតប្រជែងលើទីផ្សារប្រណីតនៅអាស៊ីអាគ្នេយ៍

VN Express

ចិន៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនកំពុងប្រជែងគ្នាដណ្តើមយកភាពលេចធ្លោនៅលើទីផ្សារដ៏ប្រណិតរបស់អាស៊ីអាគ្នេយ៍ ដោយ GAC Aion និង BYD ណែនាំម៉ូដែលទំនើបនៅប្រទេសសិង្ហបុរី។

នេះបើយោងតាម Nikkei Asia បានប្រាប់ថា យីហោ Hyptec របស់ GAC បានដាក់បង្ហាញរថយន្តប្រភេទ SUV HT របស់ខ្លួនក្នុងតម្លៃប្រហែល ២៥០,០០០ ដុល្លារសិង្ហបុរី ស្មើនឹង ១៨៥ ,០០០ ដុល្លារអាមេរិកកាលពីថ្ងៃសុក្រ ដោយផ្តោតលើអ្នកទិញ និងនាយកប្រតិបត្តិដែលមានទ្រព្យសម្បត្តិច្រើនដែលចូលចិត្តកីឡាវាយកូនហ្គោល។

ការដាក់លក់នេះធ្វើឡើង បន្ទាប់ពីការដាក់បង្ហាញរបស់ក្រុមហ៊ុន BYD នូវម៉ូដែលប្រណីត Denza របស់ខ្លួនក្នុងតម្លៃ ៣០០,០០០ ដុល្លារសិង្ហបុរី។ Hyptec បានចូលប្រទេសថៃ និងឥណ្ឌូនេស៊ីកាលពីឆ្នាំមុន ក៏ប្រឈមមុខនឹងការប្រកួតប្រជែងពីម៉ាកយីហោចិនផ្សេងទៀតដូចជា Xpeng, Ora និង Neta នៅទូទាំងទីផ្សារអាស៊ាន។

លោក Ernest Tan នាយកក្រុមហ៊ុន Vincar អ្នកចែកចាយ Hyptec នៅសិង្ហបុរីបាននិយាយថា វាពិតជាមានការប្រកួតប្រជែង ម៉ាកយីហោថ្មីៗជាច្រើនកំពុងចូលមក។ យើងពិតជាមិនមើលឃើញថាវាជាការគំរាមកំហែងទាំងស្រុងនោះទេសម្រាប់ពួកយើង យើងផ្តោតយ៉ាងខ្លាំងលើការកែលម្អម៉ាកយីហោ និងការផ្តល់ជូនម៉ាកយីហោរបស់យើង។

ដើម្បីទាក់ទាញអ្នកទិញ Vincar កំពុងផ្តល់ការបញ្ចុះតម្លៃ ១២,០០០ ដុល្លារសិង្ហបុរី រួមជាមួយនឹងការធានាពេញមួយជីវិត។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យរបស់អាជ្ញាធរដឹកជញ្ជូនផ្លូវគោកបង្ហាញថា Hyptec មានភាពយឺតយ៉ាវជាង BYD នៅប្រទេសសិង្ហបុរី ដោយ GAC បានចុះបញ្ជីរថយន្តត្រឹមតែ ៣១០ គ្រឿងនៅចុងឆ្នាំ ២០២៤ បើប្រៀបធៀបទៅនឹង BYD ចំនួន ៨,៥០០គ្រឿង។

BYD ជាម៉ាករថយន្តដែលលក់ដាច់បំផុតរបស់សិង្ហបុរីក្នុងឆ្នាំ ២០២៤ ថ្មីៗនេះបានដាក់បង្ហាញរថយន្តស៊េរីថ្មី Sealion 7 និងបង្ហាញរថយន្តទំនើប Yangwang U9 របស់ខ្លួននៅឯពិព័រណ៍ម៉ូតូមួយ។ U9 ត្រូវបានគេចេញច្បាប់ថា ជារថយន្តផលិតលឿនបំផុតរបស់ប្រទេសចិនបានឆ្លុះបញ្ចាំងពីមហិច្ឆតារបស់ BYD ដើម្បីប្រជែងនឹងម៉ាករថយន្តទំនើបនៅអឺរ៉ុបដូចជា Ferrari និង Lamborghini។

លោក James Ng នាយកគ្រប់គ្រងរបស់ BYD ប្រចាំប្រទេសសិង្ហបុរី និងហ្វីលីពីន បាននិយាយថា យើងក៏មានបំណងយ៉ាងខ្លាំងក្នុងការជំរុញផ្នែកប្រណីតនៅក្នុងប្រទេសសិង្ហបុរី ។យើងជឿថានៅតែមានទីផ្សារល្អ  យើងអាចផ្តល់ឲ្យផលិតផលប្រណីតជាមួយនឹងចំណុចតម្លៃដ៏ល្អ៕

Most Popular

To Top