អាមេរិក ៖ ក្រុមអត្តពលិកស្គីទឹកកក ជនជាតិរុស្ស៊ី និងគ្រូបង្វឹកល្បីៗ ជាច្រើននាក់ត្រូវបានគេរាយការណ៍ថា ស្ថិតនៅលើយន្តហោះ ដឹកអ្នកដំណើរ ដែលបានធ្លាក់ចូលទៅក្នុងទន្លេ Potomac ទីក្រុងវ៉ាស៊ីនតោនឌីស៊ី បន្ទាប់ពីការបុកគ្នានៅកណ្តាលអាកាស ជាមួយឧទ្ធម្ភាគចក្រយោធា ហើយបញ្ជីរាយនាមជនរងគ្រោះបង្ហាញឈ្មោះរួម មានម្ចាស់ជើងឯកពិភពលោករុស្ស៊ី Yevgenia Shishkova និង Vadim Naumov ផងដែរ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
ជើងហោះហើរ 5342 បានដឹកអ្នកដំណើរ ៦០ នាក់ និងនាវិក ៤ នាក់ ពី Wichita រដ្ឋ Kansas ទៅកាន់រដ្ឋធានីអាមេរិក នៅពេលយន្តហោះដឹក អ្នកដំណើរបានបុកឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិក ហើយត្រូវបានគេរាយការណ៍ថា គ្មានអ្នកណានៅរស់រានមានជីវិតឡើយ។
កាសែត The Wichita Eagle បានរាយការណ៍ដោយដកស្រង់សម្តីរបស់ US Figure Skating បាននិយាយថា អ្នកដំណើរទាំងនោះរួមមានអត្តពលិក គ្រូបង្វឹក និងសមាជិកគ្រួសារមកពីក្រុមអភិវឌ្ឍន៍ជាតិ ដែលជាកម្មវិធីបណ្តុះបណ្តាលសម្រាប់ក្រុមអត្តពលិកស្គីទឹកកកជាអនីតិជនកំពូល។ ទីក្រុងនេះបានធ្វើជាម្ចាស់ផ្ទះការ ប្រកួតជើងឯកជាតិ សម្រាប់កីឡាកាលពីសប្តាហ៍មុន ហើយអត្តពលិកវ័យក្មេង ដែលមានឥស្សរជនមួយចំនួន បានចូលរៀនថ្នាក់កម្រិតខ្ពស់នៅទីនោះ។
យោងតាម TASS បានឲ្យដឹងថា កីឡាករ-កីឡាការិនីស្គីទឹកកកខ្លះមានទំនាក់ទំនងជាមួយរុស្ស៊ី។ Yevgenia Shishkova និង Vadim Naumov ជាគូស្វាមីភរិយាដែលបានឈ្នះព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ ១៩៩៤ បាននៅលើយន្តហោះ។ ដូច្នេះតាមសេចក្តីរាយការណ៍គឺកីឡាការិនី Inna Volyanskaya បានឈ្នះមេដាយក្នុងព្រឹត្តិការណ៍ស្គីទឹកកកសូវៀត និងអន្តរជាតិជាច្រើនជាមួយដៃគូ និងស្វាមី Valery Spiridonov ។
សារព័ត៌មានមួយចំនួនបានអះអាងថា អត្តពលិកវ័យក្មេងភាគច្រើនមកពីសហគមន៍កីឡាស្គីលើទឹកកករុស្ស៊ី-អាមេរិក។មានការភ័យខ្លាចថា ក្រុមកីឡាស្គីទឹកកកជនជាតិអាមេរិក កីឡាករ Ilia Malinin ដែលក្រុមគ្រួសាររបស់លោកបានអាមេរិកពីសហភាពសូវៀត ស្ថិតក្នុងចំណោមជនរងគ្រោះ ប៉ុន្តែលោកបានបញ្ជាក់ថា មិនមែនជាករណីនោះទេ។ អត្តពលិកលេចធ្លោបានសម្តែងការភ្ញាក់ផ្អើលរបស់ពួកគេ បន្ទាប់ពីសោកនាដកម្មនេះរួមមាន Malinin, Luke Wang និង Ethan Peal ៕