តៃវ៉ាន់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាសម្ដែង និងជាតារាចម្រៀងតៃវ៉ាន់ អ្នកនាង Barbie Hsu បានទទួលមរណភាពក្នុងអាយុ ៤៩ឆ្នាំ ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏ច្រើន សន្ធឹកសន្ធាប់ ក្នុងអាជីព ដ៏យូរអង្វែងរបស់អ្នកនាង។
យោងតាម Sao Star ដោយដកស្រង់ពី ETToday បាននិយាយថា អ្នកនាង Hsu ទទួលបានកិច្ចព្រមព្រៀងគាំទ្រ ជាច្រើនពេញមួយអាជីពរបស់អ្នកនាង ដែលមានទំហំទឹកប្រាក់ចំនួន ៤.៧៥ លានដុល្លារអាមេរិក។ អ្នកនាងក៏បានវិនិយោគយ៉ាងច្រើនលើអចលនទ្រព្យ ដោយមានទ្រព្យសម្បត្តិប្រណីតចំនួន៤។ អ្នកនាងបានទិញ វីឡាចំនួន ២ ដែលមានតម្លៃសរុបចំនួន ១៨ លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០១៦ អ្នកនាងបានទិញផ្ទះល្វែងទំហំ ៧៦០ ម៉ែត្រការ៉េ នៅស្រុក Xinyi ទីក្រុងតៃប៉ិ ជាមួយនឹងប្តីរបស់អ្នកនាង គឺអ្នកជំនួញជនជាតិចិន Wang Xiaofei តម្លៃ ១២ លានដុល្លារ ។
បន្ទាប់ពីការលែងលះរបស់ពួកគេនៅឆ្នាំ ២០២១ Mirror Media បានប៉ាន់ប្រមាណថា អ្នកនាង Hsu ទទួលបាន ៦០០ លានដុល្លារតៃវ៉ាន់ (១៩ លានដុល្លារ) ពីទ្រព្យសម្បត្តិសរុបរបស់ពួកគេមានតម្លៃ ៩៥០ លានដុល្លារតៃវ៉ាន់ (២៩ លានដុល្លារអាមេរិក) ។ Sohu បានរាយការណ៍ថា លោក Wang ក៏បានទុកអ្នកនាង និងកូន ២ នាក់ឲ្យស្នាក់នៅផ្ទះវីឡាទំហំ ៧២០ ម៉ែត្រការ៉េ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ។
លោក Wang ពីមុនបានបង្កឲ្យមានភាពចម្រូងចម្រាសដោយបង្ហាញថា ការចំណាយប្រចាំខែរបស់អ្នកនាង Hsu លើសពី ១ លានដុល្លារតៃវ៉ាន់។ ភ្លាមៗបន្ទាប់ពីការបែកគ្នា អ្នកនាងHsu បានរៀបការជាមួយ DJ លោក Koo ជាតន្ត្រីករកូរ៉េខាងត្បូង។ ទ្រព្យសម្បត្តិសុទ្ធរបស់អ្នកនាង គឺខ្ពស់ជាងលោក Koo ចំនួន ៨ ដង ដែលបង្កើនការរំពឹងទុកអំពីកិច្ចព្រមព្រៀងមុនពេលរៀបអាពាហ៍ពិពាហ៍ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់អ្នកនាង បន្ទាប់ពីអ្នកនាងស្លាប់។
របាយការណ៍ពី AsiaOne បង្ហាញថា អ្នកនាង Hsu កើតជំងឺរលាកសួត បន្ទាប់ពីកើតជំងឺគ្រុនផ្តាសាយ អំឡុងពេលវិស្សមកាលគ្រួសារ នៅប្រទេសជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ ក្រុមគ្រួសាររបស់អ្នកនាង បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់អ្នកនាង ហើយមានបំណងផ្ដល់ព័ត៌មាន លម្អិតបន្ថែមអំពីមរណភាព របស់អ្នកនាងក្នុងពេលឆាប់ៗនេះ។
អ្នកនាង Hsu ទទួលបានភាពល្បីល្បាញ តាមរយៈតួនាទីរបស់អ្នកនាងក្នុងរឿង ភាគទូរទស្សន៍ដូចជា “Meteor Garden”, “Mars” និង “Summer’s Desire” ។ ជីវិតផ្ទាល់ខ្លួនរបស់អ្នកនាង រួមទាំងអាពាហ៍ពិពាហ៍ របស់អ្នកនាងបានទាក់ទាញ ចំណាប់អារម្មណ៍សាធារណៈ និងប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់។ អ្នកនាងបានរៀបការជាមួយលោក Wang អាយុ ៤៣ ឆ្នាំ ពីឆ្នាំ២០១១ រហូតដល់ការលែង លះរបស់ពួកគេនៅឆ្នាំ២០២១ ហើយពួកគេមានកូន ២ នាក់។
គ្រាន់តែ ៣ ខែក្រោយលែងលះ អ្នកនាងបានរៀបការជាមួយ DJ លោក Koo អាយុ ៥៥ ឆ្នាំ៕