FRANKFURT ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការលក់របស់ក្រុមហ៊ុន ផលិតរថយន្តយក្សអាមេរិក Tesla បានធ្លាក់ចុះនៅប្រទេស អាឡឺម៉ង់កាលពីខែមុន ទិន្នន័យផ្លូវការទំាងនេះ បានបង្ហាញ កាលពីថ្ងៃពុធ បន្ទាប់ពីម្ចាស់ក្រុមហ៊ុន និងមហាសេដ្ឋីពិភព លោក លោក Elon Musk បានឈានជើងចូលទៅ នៃយុទ្ធនាការបោះឆ្នោត ក្នុងប្រទេសដោយសំឡេង គាំទ្រខាងស្តាំបំផុត។
អាជ្ញាធរដឹកជញ្ជូន សហព័ន្ធ KBA បាននិយាយថា រថយន្តអគ្គិសនី របស់ក្រុមហ៊ុន អាមេរិកត្រឹមតែ ១,២៧៧ ត្រូវបានចុះ បញ្ជីនៅលើទីផ្សារ រថយន្តដ៏ធំបំផុត របស់អឺរ៉ុបកាលខែមករា ធ្លាក់ចុះជិត ៦០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចក្រុមហ៊ុនផលិត រថយន្តអគ្គិសនី ផ្សេងទៀត Tesla បានឃើញការលក់របស់ខ្លួនធ្លាក់ ចុះនៅប្រទេសអាឡឺម៉ង់ កាលពីឆ្នាំមុន បន្ទាប់ពីរដ្ឋាភិបាលបាន ដកប្រាក់ឧបត្ថម្ភ ហើយចំពេលមានការធ្លាក់ចុះ នៃតម្រូវការរថយន្ត EV នៅអឺរ៉ុប។
ប៉ុន្តែការធ្លាក់ចុះ សម្រាប់ក្រុមហ៊ុន របស់លោក Musk នាខែមករា ផ្ទុយនឹងការស្ទុះងើបឡើងវិញ ក្នុងវិស័យរថយន្តអគ្គិសនី ទូលំទូលាយនៅអាមេរិក។ លោក Musk ជាទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្កឲ្យមានភាពចម្រូងចម្រាសដោយគាំទ្រគណបក្ស ស្តាំនិយមជ្រុលសម្រាប់អាល្លឺម៉ង់ (AfD) នៅមុនការបោះឆ្នោតថ្ងៃទី ២៣ ខែកុម្ភៈ ហើយបានជេរប្រមាថមេដឹកនាំ នយោបាយ របស់ប្រទេសនេះម្តងហើយម្តងទៀត។
សូម្បីតែមុនពេលលោក Musk បញ្ចេញ សំឡេងគាំទ្រ យ៉ាងខ្លាំង ចំពោះគណបក្ស AfD បាននឹងកំពុងកើនឡើង ក្នុងការស្ទង់មតិ ហើយឥឡូវនេះ ស្ថិតនៅលំដាប់ទីពីរនៅពីក្រោយគណបក្ស CDU កណ្តាល។
លោក Ferdinand Dudenhoeffer នាយកនៃវិទ្យាស្ថានស្រាវជ្រាវរថយន្តនៅអាល្លឺម៉ង់បានប្រាប់ AFP ថា អាកប្បកិរិយារបស់ម្ចាស់ក្រុមហ៊ុន Tesla គឺធ្វើឲ្យខូចខាតយ៉ាងខ្លាំង ។
លោក Musk រងការរិះគន់យ៉ាងចាស់ដៃ នៅប្រទេស អាល្លឺម៉ង់ជុំវិញ កាយវិការរបស់លោកក្នុង ព្រឹត្តិការណ៍ សម្ពោធមួយសម្រាប់លោក Trump ដែលអ្នករិះគន់ បានប្រដូចទៅនឹងពាក្យសំពះរបស់ Nazi ជាការចោទប្រកាន់ ដែលប្រធាន Tesla បានច្រានចោល។ ក្រោយមក សកម្មជនបានបញ្ចាំងរូបភាពនៃការគោរព និងពាក្យ «Heil» នៅខាងក្រៅរោងចក្រ Tesla ក្បែរទីក្រុង Berlin។
ទិន្នន័យរបស់ KBA បានបង្ហាញថា កាលពីខែមុនការលក់រថយន្តអគ្គិសនី សរុបនៅប្រទេសអាល្លឺម៉ង់ បានស្ទុះងើបឡើងវិញជាង ៥៣ ភាគរយធៀបនឹងឆ្នាំមុនជាមួយនឹងការលក់ចំនួន ៣៤,៤៩៨ គ្រឿង។ ទោះជាយ៉ាងណាក៏ដោយ ការលក់ក្នុងខែដូច គ្នាឆ្នាំ ២០២៤ មានកម្រិតទាបណាស់ ដោយសារការឧបត្ថម្ភធន របស់រដ្ឋាភិបាល ទើបតែត្រូវបានលុបចោលនាពេលថ្មីៗនេះ ហើយជារួមតួលេខ សម្រាប់ខែមករា ឆ្នាំ ២០២៥ នៅតែធ្លាក់ចុះតិចតួច៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)