ភ្នំពេញ៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយបទបញ្ជាបច្ចេកទេស និងជម្រាបជូនព័ត៌មាននានា ជុំវិញការប្រកួតកីឡាបាល់ទាត់ ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៦ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅកីឡដ្ឋានខេត្តកណ្តាល។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8843-1024x683.jpg)
លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ផ្នែគនារីនេះ ត្រូវបានធ្វើឡើងស្របតាមផែនការប្រតិបត្តិ ប្រចាំឆ្នាំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បន្ទាប់ពីបានដំណើរការប្រកួត និងបានបិទបញ្ចប់ដោយជោគជ័យ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោម១៨ឆ្នាំ ប្រចាំឆ្នាំ២០២៥ កាលពីពេលថ្មីៗកន្លងទៅនេះ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8845-1024x683.jpg)
លោក ពៅ វណ្ណា បានណែនាំដល់ថ្នាក់ដឹកនាំក្រុម គ្រូបង្វឹក ដើម្បីត្រៀមចូលរួមប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥នេះឲ្យបណ្តុះស្មារតីដល់កីឡាករ-កីឡាការិនីខេត្តកណ្តាលឲ្យប្រឹងប្រែងហ្វឹកហាត់ និងការប្រកួតឲ្យគុណភាពបច្ចេកទេសរីកចម្រើន ដើម្បីឲ្យក្លាយជាធនធានឆ្នើមៗប្រចាំខេត្ត ត្រៀមចូលរួមប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាសិស្សធម្យមសិក្សាថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនាខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ខាងមុខ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8849-1024x683.jpg)
លោក ពៅ វណ្ណា ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹក និងតំណាងក្រុមទាំងអស់ បន្តអប់រំផ្សព្វផ្សាយដល់កីឡាករ កីឡាការិនីវ័យក្មេងៗឱ្យដុសខាត់ សមត្ថភាពលើប្រភេទកីឡាបាល់ទាត់ ក៏ដូចជាប្រភេទកីឡាផ្សេងៗទៀតបានល្អប្រសើរ ដើម្បីឱ្យក្លាយជាធនធានឆ្នើមៗ ចូលរួមជាមួយសហព័ន្ធបាល់ទាត់កម្ពុជា និងសហព័ន្ធកីឡាផ្សេងៗទៀត ក្នុងដំណើរត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ខាងមុខ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ កន្លងទៅ។
![](https://lookingtoday.com/wp-content/uploads/2025/02/IMG_8850-1024x683.jpg)
ជាមួយនឹងការលើកទឹកចិត្តនេះ ក៏លោកប្រធានការិយាល័យកីឡាខេត្តកណ្តាល ក៏បានគូសបញ្ជាក់ទៀតដែរថា កីឡាការិនីខេត្តកណ្តាលចំនួន៥នាក់ ក៏បានក្លាយជាកីឡាការិនីជម្រើសជាតិកម្ពុជា ដែលបានចូលរួមប្រកួតប្រកួតតំណាងជាតិ ក្នុងការប្រកួតអន្តរជាតិនានា នាពេលកន្លងមកដែរ ដែលនេះជាមោទនភាព ដែលខេត្តកណ្តាលតែងតែបានខិតខំផលិតធនធានកីឡាករ កីឡាការិនីជាបន្តបន្ទាប់ ក៏ដូចជាគោលដៅបន្តបន្ទាប់ទៀត។
លោក ពៅ វណ្ណា បន្ថែមថា ការហ្វឹកហាត់ក្នុងវិស័យកីឡា ប្រៀបបាននឹងការអប់រំរៀនសូត្រក្នុងសាលារៀនដែរ ដោយថ្នាក់ដឹកនាំ និងគ្រូបង្វឹកតែងតែបណ្តុះការអប់រំ និងបង្វឹកឲ្យកីឡាករ-កីឡាការិនីឲ្យមានគុណភាពបច្ចេកទេស និងឲ្យក្លាយជាមនុស្សល្អ ក្នុងសង្គមជាតិ ជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗផងដែរ៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)