អ្នកដឹកនាំនយោបាយជាន់ខ្ពស់ ពី ទូទាំងពិភពលោក កំពុងជួបប្រជុំគ្នា ក្នុងកិច្ចប្រជុំ AI Summit នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ការចរចាផ្នែកការទូតដ៏ស្មុគស្មាញ ត្រូវបានគេរំពឹងទុកថា នឹងកើតឡើងក្នុងកិច្ចប្រជុំ ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាមួយនេះ។ ខណៈដែលអ្នកជំនាញបច្ចេកវិទ្យាធំៗ កំពុងប្រជែងគ្នា ដើម្បីក្តាប់អំណាច ក្នុងឧស្សាហកម្មបច្ចេកវិទ្យា ដែលកំពុងរីកចម្រើន យ៉ាងឆាប់រហ័ស។

ប្រមុខរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល អគ្គនាយកក្រុមហ៊ុន និងអ្នកវិទ្យាសាស្ត្រពីប្រមាណ ១០០ ប្រទេស កំពុងចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិនេះ រយៈពេល២ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃច័ន្ទ ទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥។

ក្នុងចំណោមអ្នកចូលរួមដ៏សំខាន់ មាន លោកអនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក JD Vance ដែលកំពុងធ្វើដំណើរ ទៅកាន់ក្រៅប្រទេស ជាលើកដំបូង ចាប់តាំងពីលោកបានកាន់តំណែង ។ ក្នុងនោះ លោកអនុនាយករដ្ឋមន្រ្តី ចិន Zhang Guoqing ក៏ចូលរួមក្នុងកិច្ចប្រជុំ នៅទីក្រុងប៉ារីស នេះផងដែរ។

ប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយ ក្នុងកម្មវិធីទូរទស្សន៍ជាតិ France 2 ថា៖ «យើងកំពុងរស់នៅ ក្នុងយុគសម័យ បដិវត្តន៍បច្ចេកវិទ្យា និង វិទ្យាសាស្ត្រ។» លោកបានបន្ថែមថា បារាំង និងអឺរ៉ុបត្រូវតែចាប់យក «ឱកាស» នេះ ពីព្រោះ AI «នឹងជួយឱ្យយើងរស់នៅ បានល្អប្រសើរជាងមុន រៀនសូត្របានល្អជាងមុន ធ្វើការបានល្អជាងមុន និងថែរក្សាសុខភាពបានល្អជាងមុន ។ វាជាកាតព្វកិច្ចរបស់យើង ក្នុងការដាក់បញ្ចូលបច្ចេកវិទ្យានេះ ជាសេវាដល់ មនុស្សជាតិ។»
