តូក្យូ ៖ នៅក្នុងកិច្ចប្រជុំកំពូល លើកដំបូងរបស់លោក ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ, នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានទទួលការធានាឡើងវិញ ទាក់ទងនឹងការប្តេជ្ញាចិត្ត របស់សម្ព័ន្ធមិត្តសន្តិសុខដ៏ជិតស្និទ្ធ ប៉ុន្តែក៏ទទួលបានសំណើដោយប្រយោល សម្រាប់ការបង្កើនការចំណាយ លើវិស័យការពារជាតិផងដែរ។
ទោះបីជាមិនមានការលើកឡើងពីគោលដៅជាលេខក៏ដោយ អ្នកជំនាញការទូត និង សន្តិសុខបានឲ្យដឹងថា ប្រសិនបើសហរដ្ឋអាមេរិក បង្កើតតម្រូវការលើស លប់នៅ ពេលអនាគត វាអាចនឹងធ្វើឱ្យជប៉ុនចុះខ្សោយ និងធ្វើឱ្យខូចសម្ព័ន្ធភាពរបស់ប្រទេស ចំពេលមានការប្រឈម ផ្នែកយោធាកើនឡើងដោយចិន និងកូរ៉េខាងជើង។
អ្នកជំនាញបានបន្ថែមថា ប្រទេសជប៉ុនគួរតែប្រកាន់ ជំហររឹងមាំ និងបដិសេធសំណើដែលមិនប្រាកដប្រជា ដោយពន្យល់យ៉ាងពេញ លេញដល់សហរដ្ឋអាមេរិក នូវកិច្ចខិត ខំប្រឹងប្រែង កាលពីអតីតកាល និងបច្ចុប្បន្នរបស់ខ្លួនក្នុងការពង្រឹងសម្ព័ន្ធភាព ខណៈដែលខ្លួនកំពុងដោះស្រាយ ជាមួយនឹងវិធីសាស្រ្តប្រតិបត្តិការ របស់លោក ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយលោក Ishiba ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ត្រាំ ដែលត្រូវបានគេស្គាល់ថា ផ្ដោតលើរបៀបវារៈ “America First” របស់លោកបានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែ “ប្តេជ្ញាចិត្តទាំងស្រុង ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន” ដោយកាត់បន្ថយការព្រួយ បារម្ភអំពីការថយចុះសក្តានុពល នៃការចូលរួមរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែប្រធានាធិបតីសាធារណរដ្ឋរូបនេះ បន្ទាប់ពីបានកត់សម្គាល់ពីកំណើននៃថវិកាការពារជាតិរបស់ប្រទេសជប៉ុន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបន្ថែមដោយចង្អុលបង្ហាញថា “យើងទន្ទឹងរង់ចាំមើលបន្ថែមទៀត”។ Ishiba បានឆ្លើយតបថា ប្រទេសជប៉ុន នឹងកំណត់ការចំណាយ “តាមគំនិតផ្តួចផ្តើមរបស់ខ្លួន” ។
លោក Yasuhiro Kawakami នាយក និងជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមូលនិធិសន្តិភាព Sasakawa ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ បានឲ្យដឹងថា ការចំណាយលើវិស័យការពារជាតិកាន់តែខ្ពស់ដោយប្រទេសជប៉ុន នឹងជួយសហរដ្ឋអាមេរិកក្នុងការ “កាត់បន្ថយហានិភ័យសន្តិសុខពីប្រទេសចិន”៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)