បរទេស៖ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹក ចិនមួយគ្រឿង បានហោះក្នុងគម្លាត ៣ ម៉ែត្រ ពីយន្តហោះល្បាត ហ្វីលីពីនកាលពីថ្ងៃអង្គារ នៅក្នុងតំបន់ជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលជំរុញឱ្យអាកាសយានិក ហ្វីលីពីនព្រមានតាមវិទ្យុថា “អ្នកកំពុងហោះហើរជិតពេក អ្នកបង្កគ្រោះថ្នាក់ខ្លាំងណាស់” ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រចិនកំពុង ព្យាយាមបង្ខំយន្តហោះ Cessna Caravan turboprop ដែលជាកម្មសិទ្ធិ របស់ការិយាល័យជលផល និងធនធានជលផលហ្វីលីពីន ចាកចេញពីអ្វីដែលចិនអះអាងថា ជាដែនអាកាសរបស់ខ្លួនលើតំបន់ជម្លោះដ៏ក្តៅគគុក Scarborough Shoal ភាគពាយ័ព្យហ្វីលីពីន។
អ្នកសារព័ត៌មាន Associated Press និងអ្នកសារព័ត៌មានបរទេស ដែលបានអញ្ជើញផ្សេងទៀត នៅលើយន្តហោះបានឃើញការប្រឈម មុខដ៏តានតឹងរយៈពេល ៣០ នាទី ខណៈដែលយន្តហោះហ្វីលីពីន បានបន្តការល្បាតក្នុងរយៈកម្ពស់ទាបរបស់ខ្លួនជុំវិញតំបន់ទឹករាក់ Scarborough ជាមួយនឹងឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិន ហោះជិតពីលើវា ឬហោះហើរទៅខាងឆ្វេង ក្នុងអាកាសធាតុមានពពក។
អ្នកបើកយន្តហោះហ្វីលីពីនបានប្រាប់ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិន តាមវិទ្យុនៅពេលមួយថា “អ្នកកំពុងហោះហើរជិតពេក ពិតជាគ្រោះថ្នាក់ និងមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់នាវិក និងអ្នកដំណើររបស់យើង” ។ “រក្សាឱ្យឆ្ងាយ និងចម្ងាយយន្តហោះ របស់អ្នកពីយើង អ្នកកំពុងបំពានស្តង់ដារ សុវត្ថិភាពដែលកំណត់ដោយ FAA និង ICAO” ។
យោធាចិន ដែលសំដៅទៅលើ Scarborough Shoal តាមឈ្មោះចិន បាននិយាយថា យន្តហោះបានចូលដែន អាកាសនៃកោះ Huangyan របស់ប្រទេសចិន ដោយខុសច្បាប់ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន៕
ប្រែសម្រួលៈ ណៃ តុលា
