ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីប្រេស៊ីល ត្រូវបានចោទប្រកាន់ពី បទប៉ុនប៉ងធ្វើរដ្ឋប្រហារ និងរៀបផែនការសម្លាប់ ប្រធានាធិបតីបច្ចុប្បន្ន

RT News

បរទេស៖ អគ្គរដ្ឋអាជ្ញារបស់ប្រទេសប្រេស៊ីល បានចោទប្រកាន់អតីតប្រធានាធិបតី លោក Jair Bolsonaro ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីបន្តកាន់អំណាច បន្ទាប់ពីការបរាជ័យក្នុងការបោះឆ្នោតនៅឆ្នាំ ២០២២ ។ ការចោទប្រកាន់រួមមានផែនការ សម្លាប់អ្នកស្នងតំណែងរបស់លោកគឺ លោក Luiz Inacio Lula da Silva ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Lula បានវិលត្រឡប់មកធ្វើជាប្រធានាធិបតី ប្រេស៊ីលក្នុងខែមករា ឆ្នាំ២០២៣ សម្រាប់អាណត្តិទីបី ដែលមិនជាប់ៗគ្នា បន្ទាប់ពីបានផ្តួលលោក Bolsonaro យ៉ាងតឹងតែងក្នុងខែតុលា ឆ្នាំ២០២២។ បន្ទាប់ពីការបោះឆ្នោត លោក Bolsonaro បានប្រកែកថា ការបោះឆ្នោត ត្រូវបានលួចដោយអះអាងថា មាន “ដំណើរការខុសប្រក្រតី” បានប៉ះពាល់ដល់ម៉ាស៊ីនបោះឆ្នោត អេឡិចត្រូនិចរាប់ពាន់គ្រឿង ។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា អគ្គរដ្ឋអាជ្ញាលោក Paulo Gonet បាននិយាយ កាលពីថ្ងៃអង្គារថា អតីតប្រធានាធិបតី និងមិត្តរួមដំណែង របស់លោក គឺឧត្តមសេនីយ៍ Walter Braga Netto ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ កំពុងដឹកនាំ “អង្គការឧក្រិដ្ឋកម្ម” ដែលគ្រោងនឹងដណ្តើម គ្រប់គ្រងប្រទេស។ ការចោទប្រកាន់នេះក៏រួមមានការរៀបចំផែនការបំពុលប្រធានាធិបតីបច្ចុប្បន្ន និងធ្វើឃាតចៅក្រមតុលាការកំពូល លោក Alexandre de Moraes ថែមទៀត។

បុគ្គលសរុបចំនួន ៣៤នាក់ត្រូវបានគេរាយការណ៍ថា ត្រូវបានចោទប្រកាន់ នៅក្នុងផែនការនេះ រួមទាំងមន្ត្រីយោធាជាច្រើនដូចជា អតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោក Bolsonaro, ឧត្តមសេនីយ Augusto Heleno ដែលចូលនិវត្តន៍ និងអតីតមេបញ្ជាការកងទ័ពជើងទឹក Almir Garnier Santos ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top