បរទេស៖ យោងតាមការចេញផ្សាយរបស់ RTរដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះកងទ័ពណាតូដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយមន្ត្រីអាមេរិកនៅទីក្រុងរីយ៉ាដ។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាក្នុងការផ្តួចផ្តើមដំណើរការសម្រាប់ដោះស្រាយជម្លោះប៉ុន្តែ អ៊ុយក្រែន និងសហភាពអឺរ៉ុបបានអវត្តមានក្នុងកិច្ចប្រជុំនេះ ដោយទីក្រុងគៀវបានទទូចថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលណាមួយឡើយ បើគ្មានការចូលរួមរបស់ខ្លួននោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោក Lavrov បានសង្កត់ធ្ងន់ថា៖ វត្តមានរបស់កងកម្លាំងប្រដាប់អាវុធមកពីបណ្តាប្រទេសណាតូ សូម្បីតែនៅក្រោមទង់សហភាពអឺរ៉ុប ឬជាផ្នែកនៃកងកម្លាំងជាតិ គឺមិនអាចទទួលយកបានទាំងស្រុងសម្រាប់ពួកយើងនោះទេ។
ក្រសួងការបរទេសរុស្ស៊ី ធ្លាប់បានព្រមានថា ទីក្រុងមូស្គូចាត់ទុកការរក្សាសន្តិភាពអឺរ៉ុបណាមួយនៅក្នុងអ៊ុយក្រែនថាជាជំហានបង្កហេតុដែលអាចធ្វើឲ្យជម្លោះកាន់តែកើនឡើងប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុនលី
