កូរ៉េខាងត្បូង ៖ ប្រធានស្តីទីលោក Choi Sang-mok បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េនឹងជំរុញ ឲ្យបង្កើតកំណែ ChatGPT ផ្ទាល់ខ្លួន ជា Chatbot បញ្ញាសិប្បនិម្មិត (AI) ដែលបង្កើតឡើងដោយ OpenAI ដែលមានមូលដ្ឋាននៅអាមេរិក នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ Korea Times ។
លោក Choi បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលកិច្ចប្រជុំគណៈកម្មាធិការ កម្រិតខ្ពស់ ដែលមានគោលបំណង ដាក់ប្រទេសកូរ៉េខាងត្បូង ក្នុងចំណោមប្រទេស មហាអំណាចបញ្ញាសិប្បនិម្មិត AI កំពូលទាំង ៣ របស់ពិភពលោក។ គណៈកម្មាធិការនេះត្រូវបានបង្កើតឡើងដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងវិស័យឯកជន។
លោក Choi បានបន្តថា ការប្រណាំងប្រជែងបញ្ញាសិប្បនិម្មិត AI សកលបានឈានចូលដំណាក់កាលថ្មី” ដោយលោក Choi សង្កត់ធ្ងន់ថា មហាអំណាច AI បានប្រកាសពីការវិនិយោគខ្នាត តារាសាស្ត្រនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI ។
លោកបានចង្អុលទៅការលេចឡើងនៃ DeepSeek ដែលជាគំរូ បញ្ញាសិប្បនិម្មិត AI ខ្នាតធំ ត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនចាប់ផ្តើម ថ្មីរបស់ចិន ដែលជាទាំងហានិភ័យសក្តានុពល និងជាឱកាសថ្មីសម្រាប់កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាជាអ្នកយឺតយ៉ាវក្នុងវិស័យនេះ។
លោក Choi បានបន្ថែមថា រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រពេញ លេញសម្រាប់ការអភិវឌ្ឍគំរូបញ្ញាសិប្បនិម្មិត AI លំដាប់ពិភពលោក ។ ដើម្បីពង្រឹងសមត្ថភាព AI រដ្ឋាភិបាលគ្រោងនឹងធានាបាន ១០,០០០ អង្គភាពដំណើរការ ក្រាហ្វិកដែលមានប្រសិទ្ធភាពខ្ពស់ (GPUs) ក្នុងឆ្នាំនេះ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ប្រទេសកូរ៉េខាងត្បូងមាន GPU ប្រហែល ២,០០០ ជាសមាសធាតុសំខាន់ សម្រាប់ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI ។
លោក Choi បានបញ្ជាក់ថា រដ្ឋាភិបាល នឹងផ្តល់ធនធាន GPU ខ្នាតធំ និងមូលនិធិស្រាវជ្រាវ ដើម្បីធានាភាពជាអ្នកដឹកនាំ របស់ប្រទេសក្នុងការច្នៃប្រឌិត បញ្ញាសិប្បនិម្មិត AI ៕
