កីឡា

លោក វ៉ាត់ ចំនរើន ៖ ទិវារត់ប្រណាំង អន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ នៅខេត្តព្រះសីហនុ គិតត្រឹមពេលនេះ មានអ្នកចុះឈ្មោះបានជាង ១៥០០នាក់ហើយ

ភ្នំពេញ ៖ លោក វ៉ាត់ ចំនរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង លោក សែម ផល្លា នាយកប្រវតិបត្តិ គណៈកម្មការរៀបចំរត់ប្រណាំង និងតំណាងសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅទីស្នាក់ការ NOCC បានអញ្ជើញចូលរួមពិធីសន្និសីទ សារព័ត៌មានស្ដីពីព្រឹត្តិការណ៍ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១០ “The 10th Sihanoukville International Half Marathon ” នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិ នាថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ។

លោក វ៉ាត់ ចំរើន បានអំពាវនាវ ប្រជាពលរដ្ឋ ពិសេសអ្នកខេត្តព្រះសីហនុ ត្រូវរួសរាន់ចុះឈ្មោះ ចូលរួមព្រឹត្តិការណ៍នេះ ឲ្យបានច្រើនកុះករ ដើម្បីរួមគ្នាបង្ហាញ ពីសក្ដានុពល ឆ្នេរសមុទ្រកម្ពុជា ដែលមានអំណោយ ផលល្អផ្តាច់គេ បើប្រៀបធៀប ទៅ និងព្រឹត្តិការណ៍កីឡា តាមតំបន់ឆ្នេរក្នុងតំបន់ ។ ផ្លូវរត់តាមបណ្ដោយឆ្នេរ នៃក្រុងព្រះសីហនុ មានសម្រស់ស្រស់ ស្អាតខ្លាំងពិសេស ក្រោយការជួសជុល និងសាងសង់ហេដ្ឋា រចនាសម្ព័ន្ធជាច្រើន របស់រាជរដ្ឋាភិបាល បើធៀបព្រឹត្តិការណ៍ កីឡាបណ្ដាប្រទេស ក្នុងតំបន់មិនទាន់មានផ្លូវរត់តាមឆ្នេរស្អាត បែបនេះឡើយ ។

លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ចូលរួមឲ្យបានច្រើន ក្នុងការអភិវឌ្ឍ នៅខេត្តព្រះសីហនុ ដោយផ្តោតលើការចូលរួម ការពារបរិស្ថាននៅខេត្តនេះ ដែលជាបរិស្ថានសមុទ្រ និងឆ្នេរ ហេតុនេះទាមទារឲ្យប្រជាពលរដ្ឋចូលរួមការពារឆ្នេរ ទឹកសមុទ្រ ជីវៈចម្រុះក្នុងសមុទ្រ និងបញ្ហាបរិស្ថាននៅលើឆ្នេរសមុទ្រ ព្រោះភាពបៃតង និងភាពស្អាត ជាកន្លែងទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

លោក វ៉ាត់ ចំនរើន បានបញ្ជាក់ថា គិតត្រឹមពេលនេះ ទិវារត់ប្រណាំងអន្ដរជាតិ ពាក់កណ្ដាលម៉ារ៉ាតុងលើកទី១០ នៅខេត្តព្រះសីហនុ មានអ្នកចុះឈ្មោះបានជាង ១៥០០នាក់ ក្នុងនោះជនបរទេស ចំនួន ២០០នាក់ និងពលរដ្ឋកម្ពុជា មានជាង ១៣០០នាក់ នឹងអាចមានអ្នកចូលរួម សរុបប្រមាណ ២ ពាន់នាក់ ។ ទិវារត់ប្រណាំងមាន ៤ វិញ្ញាសា ដូចជារត់ចម្ងាយ ២១ គីឡូម៉ែត្រ រត់ចម្ងាយ ១០ គីឡូម៉ែត្រ អ្នករត់ចម្ងាយ ៥ គីឡូម៉ែត្រ និងអ្នករត់កម្សាន្ដចម្ងាយ ៣ គីឡូម៉ែត្រ ៕

Most Popular

To Top