ថៃ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសថៃ កំពុងស្នើឲ្យមានការលក់គ្រឿង ស្រវឹងមានកម្រិតក្នុងអំឡុងពេលបុណ្យ ពុទ្ធសាសនា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យកាន់តែច្រើនមកប្រទេសនេះក្នុងឱកាសពិធីបុណ្យ។
កាសែត Khaosod English បានរាយការណ៍ថា គណៈកម្មាធិការគ្រប់គ្រងភេសជ្ជៈ មានជាតិអាល់កុល កាលពីថ្ងៃអង្គារ បាននិយាយថា ការលក់គួរតែត្រូវ បានធ្វើឡើង នៅទីកន្លែង ជាច្រើនដូចជា អាកាសយានដ្ឋានអន្តរជាតិ សណ្ឋាគារ កន្លែង កម្សាន្តពេលរាត្រី និងទីតាំងទេសចរណ៍ ផ្សេងៗទៀត។
ឧបនាយករដ្ឋមន្ត្រី លោក Prasert Jantararuangtong បាននិយាយថា សំណើនេះអាចចូលជាធរមានបានភ្លាមៗ នៅថ្ងៃទី ១១ ខែឧសភា នៅពេលដែលថ្ងៃវិសាខបូជា ជាថ្ងៃបុណ្យព្រះពុទ្ធសាសនាកើតឡើង ។ ថ្វីបើមានភាពល្បីល្បាញជាគោលដៅ ទេសចរណ៍កំពូលមួយរបស់អាស៊ីក៏ដោយ ក៏ប្រទេសថៃ បានផ្អាកការលក់គ្រឿងស្រវឹង ក្នុងអំឡុងពេលបុណ្យសាសនា។
លោកនាយករដ្ឋមន្ត្រី Paetongtarn Shinawatra កាលពីខែមុនបានបញ្ជាឲ្យពិនិត្យឡើងវិញ លើការហាមឃាត់ការលក់គ្រឿង ស្រវឹងចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៥ ល្ងាច ក៏ដូចជាការហាមប្រាមគ្រឿងស្រវឹង ក្នុងឱកាសបុណ្យពុទ្ធាភិសេក បន្ទាប់ពីការអំពាវនាវដោយក្រុមអាជីវកម្ម។
សំណើនេះនឹងត្រូវដាក់នៅក្រោមសវនាការ សាធារណៈរយៈពេល ១៥ ថ្ងៃ មុនពេលវាអាចត្រូវបានអនុម័តជាផ្លូវការដោយនាយករដ្ឋមន្ត្រី។ ថៃហាមលក់គ្រឿងស្រវឹង ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៥ រសៀល ក៏ដូចជាក្នុងឱកាសបុណ្យពុទ្ធសាសនា ដូចជា បុណ្យមាឃបូជា បុណ្យវិសាខបូជា បុណ្យ Asarnha Bucha និងបុណ្យកាន់បិណ្ឌ ៕
