ព័ត៌មានអន្តរជាតិ

TSMC ក្រុមហ៊ុនផលិតឈីប ធំជាងគេលើលោក ប្រកាសវិនិយោគ ១០០ ពាន់លានដុល្លារ នៅអាមេរិក

ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសអំពីការវិនិយោគ ដ៏ធំបំផុតរបស់ក្រុមហ៊ុន Taiwan Semiconductor Manufacturing Company (TSMC) ក្នុងទំហំទឹកប្រាក់ចំនួន ១០០ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រ ផលិតឈីបចំនួន ៥ នៅសហរដ្ឋអាមេរិក។ ការវិនិយោគនេះត្រូវបានប្រកាស នៅក្នុងពេលជួបប្រជុំ ជាមួយនាយកប្រតិបត្តិ TSMC លោក C.C. Wei នៅសេតវិមាន។

ការវិនិយោគថ្មីនេះនឹងរួម មានរោងចក្រផលិតឈីបចំនួន ៣ ស្ថានីយផ្សេងទៀតចំនួន ២ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដ៏ធំមួយ ។ រោងចក្រថ្មីទាំងនេះនឹងស្ថិតនៅរដ្ឋ Arizona ដែលជាតំបន់ដែល TSMC បានចាប់ផ្តើមសាងសង់រោងចក្រ ៣ មុននេះ។ ការវិនិយោគនេះនឹងបង្កើតការងារ ដែលមានប្រាក់ខែខ្ពស់រាប់ពាន់កន្លែង និងជួយពង្រឹងសេដ្ឋកិច្ចក្នុងតំបន់។

ប្រធានាធិបតី ត្រាំ បានថ្លែងថា “យើងត្រូវផលិតឈីប និងឧបករណ៍អេឡិចត្រូនិក ដែលយើងត្រូវការនៅទីនេះ ដោយប្រើប្រាស់ជំនាញ និងកម្លាំង ពលកម្មអាមេរិក។ នេះគឺជាបញ្ហាសន្តិសុខជាតិ។” ការវិនិយោគនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តដើម្បីកាត់បន្ថយការពឹងផ្អែកលើឈីប ដែលផលិតនៅអាស៊ី និងពង្រឹងការផលិតក្នុងស្រុក។

លោក C.C. Wei នាយកប្រតិបត្តិ TSMC បានថ្លែងថា “ការវិនិយោគនេះនឹងបង្កើតការងារ ជាច្រើនកន្លែង ដែលមានប្រាក់ខែខ្ពស់ ហើយយើងនឹងផលិតឈីប ដើម្បីគាំទ្រការរីកចម្រើនផ្នែក AI និងឧស្សាហកម្មស្មាតហ្វូន។”

TSMC ដែលជាក្រុមហ៊ុនផលិតឈីបធំជាងគេ នៅលើពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ឈីបទៅក្រុមហ៊ុនដូចជា Apple, Nvidia និង Intel នឹងមានតួនាទីសំខាន់ក្នុងការបង្កើតភាពរឹងមាំក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឈីប នៅសហរដ្ឋអាមេរិក។ ការវិនិយោគ ១០០ ពាន់លានដុល្លារ របស់ TSMC គឺជាជំហានដ៏ ធំមួយក្នុងការពង្រឹង ឧស្សាហកម្មឈីប នៅសហរដ្ឋអាមេរិក ដោយបង្ហាញពីភាព ទាក់ទាញរបស់ទី ផ្សារអាមេរិក និង ការប្តេជ្ញារបស់រដ្ឋបាល លោកត្រាំ ក្នុងការបង្កើតភាពរឹងមាំក្នុង វិស័យបច្ចេកវិទ្យា ៕

Most Popular

To Top