ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃពុធ បានប្រកាសពីការ បង្កើនកញ្ចប់ថវិកា ៧,២ភាគរយ នៅក្នុងថវិកាការពារជាតិឆ្នាំ២០២៥ របស់ខ្លួន ដែលការចំណាយលើវិស័យការពារជាតិ ដែលបានគ្រោងទុក របស់ប្រទេសនឹងមានចំនួន ១.៧៨៤៦៦៥ ពាន់ពាន់លានយន់ (ប្រហែល ២៤៩ ពាន់លានដុល្លារអាមេរិក) នៅឆ្នាំនេះ នេះបើយោងតាមសេចក្តី ព្រាងរបាយការណ៍ថវិកា ដែលបានដាក់ជូនសភាជាតិ ដើម្បីធ្វើការសម្រេចចិត្ត ។

នៅក្នុងនោះដែរប្រទេសចិន ក៏បានកំណត់គោលដៅកំណើនផលិតផល ក្នុងស្រុកសរុប របស់ខ្លួននៅប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ២០២៥ ក្នុងអំឡុងពេលបើកសម័យ ប្រជុំសភាប្រចាំឆ្នាំរបស់ខ្លួន ដោយរក្សាបាននូវគោលដៅ ដូចគ្នាសម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ទោះបីជាមានបញ្ហាប្រឈម ដូចជាភាពតានតឹង ពាណិជ្ជកម្មជាមួយ សហរដ្ឋអាមេរិកក៏ដោយ។

កាលពីឆ្នាំមុនផលិតផលក្នុងស្រុកសរុប GDP របស់ប្រទេសចិន បានកើនឡើង ៥ ភាគរយពិតប្រាកដពីឆ្នាំ២០២៣ ដោយសារវិធានការជំរុញដែលបានអនុវត្ត ចាប់ពីខែកញ្ញាបានជួយកាត់ បន្ថយវិបត្តិវិស័យអចលនទ្រព្យ ដែលអូសបន្លាយ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។
ប្រទេសចិន នឹងបង្កើនការចំណាយយោធារបស់ខ្លួននៅឆ្នាំ២០២៥ ដល់ ១.៧៨ ពាន់ពាន់លានយន់ (២៥០ ពាន់លានដុល្លារ) ដែលជាការកើនឡើង ៧.២ ភាគរយពីឆ្នាំមុន នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ អត្រាកំណើន គឺដូចគ្នាទៅនឹងការពង្រីកពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងឆ្នាំ២០២៤៕
