ភ្នំពេញ ៖ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានជួប សំណោះ សំណាល មន្រ្តីក្នុងការ ប្រាព្ធពិធី អបអរសាទរខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និង ក្មេងស្រីគ្រប់រូប” ជាមន្រ្តីនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ប្រមាណជិត ៤០ នាក់នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក យាន គីស៊ីវត្ថា បានសម្តែងនូវការកោតសរសើរ ចំពោះជាមន្រ្តីជាស្រ្តី បានចូលរួមអបអរសាទរ នូវសមិទ្ធផលសំខាន់នានា ដែលស្ត្រីសម្រេចបាន តាមរយៈការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងការពង្រឹងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប នៅកម្ពុជា ក៏ដូចជាសម្រេចបាននូវកាតព្វកិច្ចរបស់កម្ពុជា នៅថ្នាក់តំបន់ និងសកល ។

លោកប្រធានបានបន្តថា ស្រី្តបានចូលរួមចំណែកក្នុងការដឹកនាំ និងសម្របសម្រួល ជាពិសេស ការលើកកម្ពស់ការងារបញ្ជ្រាបយេនឌ័រតាមវិស័យ ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការចូលរួមលើកកម្ពស់ស្ថានភាព ឋានៈ តួនាទីស្រ្តី និងក្មេងស្រីក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ អភិបាលកិច្ច និងកីឡាជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាព ក្នុងស្មារតីបុរេសកម្មនូវអនុសាសន៍គន្លឹះមុតស្រួចទាំង៨ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានបានរំលេចអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានលើកឡើងថា “ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ”, “ជួយស្ត្រីគឺជួយខ្លួនឯង” និង “ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន”៕




