ព័ត៌មានអន្តរជាតិ

ប៉ូលិសវៀតណាមចាប់ខ្លួនជនជាតិចិន ៦៩ នាក់ក្នុងការបង្ក្រាបកាស៊ីណូដ៏ធំមួយកន្លែង

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសវៀតណាមបានចាប់ខ្លួនមនុស្សចំនួន ៩៧ នាក់ រួមទាំងជនជាតិចិនចំនួន ៦៩ នាក់ និងបានរឹបអូសភស្តុតាងដែលមានតម្លៃប្រហែល ៧២០ពាន់លានដុងស្មើនឹង ២៨.១៥ លានដុល្លារអាមេរិកក្នុងការឆ្មក់ចូលក្លឹបលេងល្បែង២កន្លែងនៅជាប់ព្រំដែនខេត្ត Lao Cai ។

ប៉ូលីសខេត្ត Lao Cai បានប្រកាសកាលពីថ្ងៃសុក្រថា ក្លឹបកីឡា Bridge និងក្លឹប Poker Khai Hoang ត្រូវបានដំណើរការដោយបុរសជនជាតិចិន២នាក់ ក្រោយមកបានចាប់ដៃគូជាមួយជនជាតិវៀតណាម ដើម្បីគ្រប់គ្រងទីតាំងនោះ។

បន្ទាប់ពីតាមដានរយៈពេលមួយមក អាជ្ញាធរបានធ្វើការវាយឆ្មក់នៅរសៀលថ្ងៃព្រហស្បតិ៍ ដោយមានការសម្របសម្រួលជាមួយនាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មនៃក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាម។ ក្លឹបទាំងនោះស្ថិតនៅជាន់ទី២នៃសណ្ឋាគារ Royal Lao Cai ក្នុងទីក្រុង Lao Cai។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៩៧នាក់ ក្នុងនោះមានជនជាតិចិនចំនួន ៦៩នាក់ធ្វើសកម្មភាពលេងល្បែងស៊ីសង លេងហ្គេមដូចជា Niu Niu , Baccarat និង Dragon Tiger ជាដើម។

អាជ្ញាធរបានរឹបអូសក្រដាសប្រាក់ចិន និងទូហ្គេមជាច្រើនដែលមានទឹកប្រាក់សរុបប្រមាណ ៧២០ពាន់លានដុង។ បន្ថែមពីនេះ ប៉ូលិសបានរឹបអូស បៀរចំនួន ៥០ហូរ កុំព្យូទ័រ៣០គ្រឿង ម៉ូនីទ័រ១២គ្រឿង ទូរស័ព្ទដៃ៩០គ្រឿង និងសម្ភារៈមួយចំនួនទៀត ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការល្បែងស៊ីសងខុសច្បាប់៕

Most Popular

To Top