ព័ត៌មានអន្តរជាតិ

ចិន មិនញញើត អាមេរិក សូម្បីប៉ុនចុងក្រចក ចង់លេងអ្វីក៏បាន មិនថា សង្គ្រាមពន្ធ ឫ សង្គ្រាម ពាណិជ្ជកម្ម

ប៉េកាំង, ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ – ប្រទេសចិន បានឆ្លើយតបវិញយ៉ាងខ្លាំង ទៅនឹងការប្រកាស របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានសន្យាថានឹងដាក់ពន្ធបន្ថែមលើទំនិញចិន ដោយចាត់ទុកវាជា “ការគំរាមកំហែង ដែលមិនអាចទទួលយកបាន”។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បាននិយាយកាល ពីពេលថ្មីៗនេះថា លោកនឹងបង្កើន ពន្ធលើផលិតផលចិនឲ្យដល់ ២០%។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជាន (Lin Jian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ប្រសិនបើសហរដ្ឋអាមេរិកចង់បានសង្គ្រាមពន្ធ សង្គ្រាមពាណិជ្ជកម្ម ឬសង្គ្រាមប្រភេទណាមួយក៏ដោយ យើងត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធ ឱ្យដល់ទីបញ្ចប់” ។ លោកបានបន្ថែមថា ចិន នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារផលប្រយោជន៍ របស់ខ្លួន រួមទាំងការដាក់ពន្ធតបវិញលើទំនិញអាមេរិក និងការរឹតត្បិតការនាំចេញ វត្ថុធាតុដើមសំខាន់ៗ ។ កាលពីថ្ងៃអង្គារ កន្លងទៅ ចិនបានប្រកាសដាក់ពន្ធបន្ថែម ១៥% លើផលិតផលកសិកម្ម អាមេរិកដូចជា សណ្តែកសៀង និងសាច់ ដែលជាការឆ្លើយតបដំបូង ចំពោះគោលនយោបាយរបស់លោក ត្រាំ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានព្រមានថា សង្គ្រាមពន្ធថ្មីនេះ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ដោយធ្វើឲ្យតម្លៃ ទំនិញឡើងថ្លៃ និងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ ។ ការប្រកួតប្រជែងរវាងប្រទេសទាំងពីរនេះ មិនមែនជារឿងថ្មីទេ ព្រោះក្នុងអាណត្តិទីមួយរបស់លោក ត្រាំ លោកធ្លាប់បានបង្កើនពន្ធ លើទំនិញចិន រាប់រយពាន់លានដុល្លារ ដែលនាំឲ្យចិនឆ្លើយតបវិញ ដោយវិធានការ ស្រដៀងគ្នា។

ទោះជាយ៉ាងណា មានសញ្ញាបង្ហាញថា ចិន នៅតែបើកចំហសម្រាប់ការចរចា។ អ្នកនាំពាក្យបានស្នើឲ្យសហរដ្ឋអាមេរិក “ជ្រើសរើសកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខ” ដើម្បីរក្សាទំនាក់ទំនងសេដ្ឋកិច្ចឲ្យមានស្ថិរភាព។ ខណៈដែលស្ថាន ការណ៍កំពុងតានតឹង ពិភពលោក កំពុងសម្លឹងមើលថា តើប្រទេសទាំងពីរនេះ នឹងអាចសម្រប សម្រួលគ្នាបានឬយ៉ាងណា ឬមួួយសង្គ្រាមពាណិជ្ជកម្មថ្មីមួយ អាចនឹងផ្ទុះឡើង៕

Most Popular

To Top