ការចុករោយចង្កេះ(ការឈឺចាប់ខ្នងភាគខាងក្រោម)អាចធ្វើឲ្យមានឈឺគ្រប់កន្លែង ចាប់ពីឆ្អឹងជំនីររហូតមកដល់ជើង។ ខ្នងភាគខាងក្រោមតភ្ជាប់រាងកាយភាគខាងលើទៅនឹងរាងកាយភាគខាងក្រោម។ គឺជាទីប្រជុំទម្ងន់ភាគច្រើននៃរាងកាយ។
គឺដោយមានតួនាទីយ៉ាងដូច្នេះហើយទើបខ្នងភាគខាងក្រោមនេះងាយនឹងរងគ្រោះខ្លាំងណាស់ នៅពេលណាដែលអ្នកចាប់លើក ឈោងចាប់អ្វីមួយ ឬងាកបែរខ្លួន។មនុស្សស្ទើរតែទាំងអស់គ្នាសុទ្ធតែធ្លាប់មានការឈឺខ្នងម្តងមួយកាល នៅក្នុងមួយជីវិតរបស់ខ្លួន។ ដំណឹងល្អនោះគឺថា ជម្ងឺឈឺខ្នងភាគខាងក្រោមអាចនឹងបាត់ទៅវិញក្នុងពេលប៉ុន្មានសប្តាហ៍ក្រោយមក បន្ទាប់ពីបានធ្វើការព្យាបាលជាមូលដ្ឋានខ្លះដោយខ្លួនឯង។ ក៏ប៉ុន្តែ បើសិនជាអ្នកមានការឈឺចាប់ខ្លាំងហើយយូរជាច្រើនសប្តាហ៍ សូមទៅពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិត។
តើអ្វីដែលជាមូលហេតុនៃការចុករោយចង្កេះ?
រោយចង្កេះឫការឈឺចាប់ខ្នងភាគខាងក្រោមច្រើនតែបណ្តាលមកពីការប្រើប្រាស់ច្រើនខ្លាំងពេក(overuse) ការប្រឹងប្រែងលើសកម្លាំង(strain) ឬដោយរបួស។ ឧទាហរណ៍ដូចជាគេច្រើនតែធ្វើឲ្យមានឈឺខ្នងនៅក្នុងពេលលេងកីឡា ឬធ្វើការក្នុងស្រែចម្ការ មានការប៉ះទង្គិច(រញ្ជួយ)ខ្លួននៅក្នុងគ្រោះថ្នាក់ចរាចរ ឬខំប្រឹងលើកអ្វីមួយដែលធ្ងន់ពេក។ ការដែលមានអាយុកាន់តែច្រើនក៏ធ្វើឲ្យមានឈឺខ្នងដែរ។
ឆ្អឹងនិងសាច់ដុំរបស់អ្នកបានបាត់បង់ភាពរឹងប៉ឹងអស់ហើយកាលណាអ្នកចាស់ទៅ ដែលជាហេតុធ្វើឲ្យការងាយរងរបួសកើនឡើង។ ថាសស្ពោតៗ(spongy discs)នៅចន្លោះឆ្អឹងខ្នង(vertebrae)អាចត្រូវបានសឹករិចរិល លែងជាទ្រនាប់(cushion)ល្អនៅចន្លោះឆ្អឹងតទៅទៀតហើយ។ ថាសមួយដែលប៉ោងលៀនចេញឬបាក់(herniated disc) អាចសង្កត់មកលើសរសៃប្រសាទ ហើយធ្វើឲ្យមានការឈឺចាប់ឡើងបាន។
ចំពោះអ្នកខ្លះ ការឈឺចាប់ខ្នងភាគខាងក្រោមអាចជាលទ្ធផលនៃជម្ងឺសន្លាក់(arthritis) ការបាក់ឆ្អឹងខ្នង (compression fractures) ដោយសារឆ្អឹងពុក(osteoporosis) ឬដោយមកពីអ្នកមានបញ្ហាឆ្អឹងខ្នងតាំងពីពេលកើតមក។
ជារឿយៗ វេជ្ជបណ្ឌិតមិនបានដឹងអំពីមូលហេតុនៃការឈឺចាប់ខ្នងភាគខាងក្រោមទេ ក៏ប៉ុន្តែជម្ងឺនេះអាចនឹងទៅជាជម្ងឺរ៉ាំរ៉ៃមួយ បើសិនជាអ្នកមានស្ត្រេសឬមានការធ្លាក់ទឹកចិត្ត។
តើវាមានរោគសញ្ញាដូចម្តេចខ្លះ?
អាស្រ័យទៅតាមមូលហេតុ ការឈឺចាប់ខ្នងភាគខាងក្រោមអាចមានរោគសញ្ញាដូចខាងក្រោមនេះ:
ដូចជាស្ពឹកៗ (dull) ក្តៅងំ (burning) ឬចាក់ដោត (sharp) នៅចំណុចណាមួយ ឬកន្លែងធំមួយកើតឡើងបន្តិចម្តងៗ ឬភ្លាមៗតែម្តងកើតមានពេលសាច់ដុំកម្រើក ឬឡើងរឹងធ្វើឲ្យមានរោគសញ្ញាជើង (leg symptoms) ដូចជាឈឺចាប់ ស្ពឹកមិនដឹងអ្វី (numbness) ឬរមាស់ឆៀបៗ (tingling) ជួនកាលរាលទៅដល់ក្រោមជង្គង់។ រោគសញ្ញាទាំងអស់នេះអាចលេចចេញមកដោយខ្លួនឯង ឬជាមួយនឹងការឈឺខ្នងភាគខាងក្រោម។ រោគសញ្ញាជើងច្រើនតែបណ្តាលមកពីមានបញ្ហានៅលើឆ្អឹងខ្នងខាងក្រោម ដែលសង្កត់ទៅលើសរសៃប្រសាទណាមួយដែលតភ្ជាប់ទៅជើង។
មានបញ្ហាដ៏កម្រមានប៉ុន្តែធ្ងន់ធ្ងរមួយដែលគេហៅថាប្រជុំសញ្ញាcauda equina syndrome ដែលអាចនឹងកើតមានឡើងកាលណាចុងបញ្ចប់នៃខួរឆ្អឹងខ្នងត្រូវបានគាបសង្កត់។ សូមឆាប់រកការព្យាបាលបើសិនជាលោកអ្នកអស់កម្លាំង ស្ពឹកជើងទាំងពីរ ឬបាត់បង់ការត្រួតពិនិត្យលើប្លោកនោមឬពោះវៀន។
ពួកវេជ្ជបណ្ឌិតបាននិយាយថាការឈឺខ្នងៈ
មានសភាពស្រួចស្រាវ(Acute) បើកាលណាមានការឈឺចុកចាប់រហូតដល់ពេល៣ខែ។ ការឈឺខ្នងភាគច្រើនៗតែស្រួចស្រាវ ក៏ប៉ុន្តែនឹងបាត់ទៅវិញទៅក្នុងពេល៤ទៅ៦សប្តាហ៍ ក្រោយពីបានធ្វើការព្យាបាលនៅផ្ទះ។
លាប់ឡើងវិញ(Recurrent)បើកាលណារោគសញ្ញាស្រួចស្រាវត្រលប់មកវិញ។ មនុស្សភាគច្រើនៗតែមានការឈឺខ្នងលាប់មកវិញយ៉ាងហោចណាស់ក៏ម្តងដែរ។ រ៉ាំរ៉ៃ (Chronic) បើកាលណាការឈឺខ្នងនេះរំខានលោកអ្នកជារឿយៗ លើសពី៣ខែ។
តើគេធ្វើរោគវិនិច្ឆ័យការរោយចង្កេះយ៉ាងដូចម្តេច?
វេជ្ជបណ្ឌិតនឹងចោទសួរសំណួរមួយចំនួនទាក់ទងទៅនឹងសុខភាពរបស់លោកអ្នកពីមុន អំពីរោគសញ្ញា និងអំពីការធ្វើសកម្មភាពរបស់លោកអ្នក។ គាត់ក៏នឹងធ្វើការពិនិត្យរាងកាយលោកអ្នកដែរ។ ចម្លើយនិងការពិនិត្យរាងកាយរបស់លោកអ្នកនឹងជួយវេជ្ជបណ្ឌិតឲ្យរកឃើញមូលហេតុនៃជម្ងឺនេះបាន។ ក្នុងករណីភាគច្រើន វេជ្ជបណ្ឌិតអាចនឹងកំណត់ការព្យាបាលបានតាំងពីការពិនិត្យលើកដំបូងម្ល៉េះ។
អ្នកជម្ងឺភាគច្រើនមិនចាំបាច់ត្រូវធ្វើការពិនិត្យអ្វីបន្ថែមទៀតទេ។ តេស្តរូបភាព (Imaging tests) ដូចជាការឆ្លុះកាំរស្មីអ៊ិក(X-rays), CT scans, និង MRIs មិនសូវជាមានប្រយោជន៍ប៉ុន្មានទេ។ ក្នុងករណីជាច្រើន វេជ្ជបណ្ឌិតមិនប្រើវិធីទាំងនោះទេបើកាលណាគាត់សង្ស័យថាមានបញ្ហាធ្ងន់ធ្ងរ ដូចជាមានherniated disc មានបាក់ឆ្អឹង ឬមហារីក ឬបើសិនជាត្រូវធ្វើការវះកាត់។ លោកអ្នកអាចត្រូវធ្វើតេស្តរូបភាពបើសិនជាចាំបាច់ទាមទារការជួសជុលសំណង ឬមានការប្តឹងផ្តល់។
ដោយ៖ ហង្ស សុបញ្ញា
