ថៃ៖ លោក Sorawong Thienthong រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបានសម្តែងការអាណិតអាសូរចំពោះលោកស្រី Madam Pang ប្រធានសមាគមកីឡាបាល់ទាត់ថៃ ដោយបានឡើងថា ក្រសួងមិនអាចជួយផ្គិតផ្គង់ផ្នែកហិរញ្ញវត្ថុទៅលើប្រាក់បំណុលចំនួន៣៦០ លានបាតស្មើនឹង ១០.៦ លានដុល្លារអាមេរិកសម្រាប់សមាគមបាល់ទាត់ថៃបានឡើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។
លោកបានបន្តថា មូលនិធិអភិវឌ្ឍន៍កីឡាជាតិមិនអាចត្រូវបានបែងចែកសម្រាប់ការសងបំណុលបានឡើង ព្រោះមូលនិធិ ត្រូវបានកំណត់ទិសដៅយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍន៍កីឡា។ សមាគមកីឡាបាល់ទាត់ថៃ “FAT” ប្រឈមនឹងបំណុល បន្ទាប់ពីតុលាការកំពូលថៃបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា សមាគមកីឡាបាល់ទាត់ថៃត្រូវសងការខូចខាតដល់ក្រុមហ៊ុនសារព័ត៌មាន Siam Sport ចំនួន៣៦០ លានបាតបូករួមទាំងការប្រាក់ ជុំវិញកិច្ចសន្យាដែលបានបញ្ចប់ដោយអយុត្តិធម៌។
Siam Sport បានចោទប្រកាន់សមាគមថា បានបំពានកិច្ចសន្យារបស់ខ្លួនក្នុងឆ្នាំ២០១៦ ទាក់ទងនឹងសិទ្ធិផ្សាយរបស់ Thai League ។ នៅក្រោមកិច្ចព្រមព្រៀង ក្រុមហ៊ុនមានសិទ្ធិទទួលបាន ៩៥ភាគរយនៃប្រាក់ចំណេញរបស់លីក ខណៈសមាគមទទួលបាន ៥ភាគរយដែលនៅសល់។
ទោះជាយ៉ាងណាក៏ដោយ ដោយសារ League កាន់តែទទួលបានផលចំណេញច្រើន FAT បានរកឃើញចំណែករបស់ខ្លួនទាបពេក ហើយបានបញ្ចប់កិច្ចសន្យាដោយឯកតោភាគី ដែលនាំឲ្យ Siam Sport ប្តឹង។ ហេតុការណ៍នេះបានកើតឡើងកាលឆ្នាំ២០១៦ ក្នុងអំឡុងពេលកាន់តំណែងជាអតីតប្រធាន FAT លោកនាយឧត្តមសេនីយ៍ Somyot Poompanmoung ។
លោក Sorawong បាននិយាយថា ក្រសួងមានការអាណិតអាសូរចំពោះសមាគម និងប្រធានដែលកំពុងកាន់អំណាចគឺ Nualphan Lamsam ត្រូវបានគេស្គាល់ថា Madam Pang ប៉ុន្តែអាចជួយបានតាមរយៈការសម្របសម្រួលកិច្ចពិភាក្សារវាង Siam Sport និង FAT ដើម្បីចរចារសងបំណុល។ លោកបានថ្លែងថា ការសម្រេចចេញមកបែបនេះអ្នកដែលត្រូវទទួលខុសត្រូវគឺសមាគម។
លោក Nualphan បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់ Somyot នាំឲ្យមានបន្ទុកហិរញ្ញវត្ថុដ៏ធំមួយ ដែលលោកស្រីត្រូវដោះស្រាយ។ លោកស្រីបានពន្យល់ទំាងស្រក់ទឹកភ្នែកថា FAT មានលុយត្រឹមតែ ២៧លានបាតក្នុងគណនីរបស់ខ្លួន ប៉ុន្តែត្រូវជាប់បំណុលចំនួន១៣២ លានបាតនៅពេលលោកស្រីចូលកាន់តំណែងកាលពីឆ្នាំមុន។ បន្ថែមពីលើនេះ ខ្លួនបានខ្ចីប្រាក់ចំនួន១៥៥ លានបាតពី FIFA ដែលតម្រូវឲ្យសងវិញតាមរយៈការបង់រំលោះប្រចាំឆ្នាំ៕
