ខេត្តកណ្តាល ៖ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្រុមកីឡាស្រុកពញាឮ នៅបន្តឈ្នះមេដាយមាស ២ គ្រឿងលើប្រភេទកីឡាអត្តពលកម្ម ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ នៅវិទ្យាល័យនៅក្រុងតាខ្មៅ ដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងឆ្នើម ក្រោមការរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

សម្រាប់លទ្ធផលអត្តពលកម្មថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ លើប្រភេទកីឡាអត្តពលកម្មគឺវិញ្ញាសារត់ចម្ងាយកុមារា៖មេដាយមាសបានទៅលើកីឡាករ ធី ណារិទ្ធ ស្រុកពញាឮ មេដាយប្រាក់បានទៅលើកីឡាករ ហម វីរៈយុទ្ធ ស្រុកកៀនស្វាយ និងមេដាយសំរិទ្ធបានទៅលើកីឡាករ ភាព វឌ្ឍនា ក្រុងសំពៅពូន
រីឯវិញ្ញាសារត់ចម្ងាយកុមារី៖មេដាយមាសបានទៅលើកីឡាការិនី ផន ស្រីដែល ក្រុងសំពៅពូន មេដាយប្រាក់បានទៅលើកីឡាការិនី ឆេង រចនា ស្រុកអង្គស្នួល និងមេដាយសំរិទ្ធបានទៅលើកីឡាករ សុន សុម៉ាលីតា ស្រុកកៀនស្វាយ។ វិញ្ញាសារត់បណ្តាក់ ៥០ X ៤ ម៉ែត្រ៖មេដាយមាសបានទៅលើ ស្រុកពញាឮ មេដាយប្រាក់បានទៅលើ ស្រុកកៀនស្វាយ និងមេដាយសំរិទ្ធបានទៅលើស្រុកកណ្តាលស្ទឹង ។
ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៤-២០២៥ គឺជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង ៥ នេះ សម្រាប់ត្រៀមចូលរួមការប្រកួត កីឡាសិស្សសិស្សមធ្យម សិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស។

ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ យើងដាក់ឲ្យប្រកួតនូវកីឡា ចំនួន៥ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ ប៉េតង់ និងអត្តពលកម្ម ចំណែកកីឡាជាច្រើនប្រភេទទៀត យើងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាព ត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។
ចំពោះប្រភេទកីឡាបាល់ទះកុមារាមាន ៦ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៤ ក្រុមប្រកួតលក្ខណៈវិលជុំ។ ទីតាំងប្រកួតប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ។ រីឯប្រភេទកីឡាបាល់ទាត់កុមារាមាន ៩ ក្រុមបែងចែកចេញ ២ ពូល និងប្រភេទកីឡាបាល់ទះកុមារាមាន ៣ ក្រុមប្រកួតលក្ខណៈវិលជុំទីតាំងប្រកួតប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្តាល ៕
