អ្នកនយោបាយបារាំងមួយរូប បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ប្រគល់រូបសំណាកសេរីភាព (Statue of Liberty) ដែលជាអំណោយ ពីប្រជាជនបារាំង ជូនអាមេរិកកាលពីជាង១៤០ឆ្នាំមុន មកប្រទេសបារាំងវិញ ដោយលើកហេតុផលថា សហរដ្ឋអាមេរិក លែងតំណាងឱ្យតម្លៃ ដែលបារាំងធ្លាប់មានចំណងជាមួយ ។
លោក រ៉ាហ្វែល ក្លុកស្មាន (Raphaël Glucksmann) សមាជិកសភាអឺរ៉ុប និងជាមេដឹកនាំ នៃចលនានយោបាយ «Place Publique» បានលើកឡើងក្នុងសន្និសីទមួយនៅថ្ងៃអាទិត្យ ទី១៦ ខែមីនា ថា «សូមឱ្យគេប្រគល់រូបសំណាក សេរីភាពមកយើងវិញ»។ លោកបានរិះគន់គោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក ជាពិសេសក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលលោកជឿថាបានបោះបង់តម្លៃសេរីភាព និងប្រជាធិបតេយ្យ។
រូបសំណាកសេរីភាព ដែលត្រូវបានរចនា ដោយជាងចម្លាក់បារាំង អូហ្គុស្ត បាថូលឌី (Auguste Bartholdi) ត្រូវបានបារាំងប្រគល់ ជូនសហរដ្ឋអាមេរិកនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៨៨៤ និងបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៨៨៦ នៅកំពង់ផែទីក្រុងញូវយ៉ក។ វាជានិមិត្តរូបនៃមិត្តភាពរវាងបារាំង និងអាមេរិក និងជាការប្រារព្ធខួប១០០ឆ្នាំនៃឯករាជ្យអាមេរិក។
លោក ក្លុកស្មាន បានចោទសួរ ពីគោលនយោបាយរបស់លោក ត្រាំ ដែលរួមមានការកាត់បន្ថយថវិកាសម្រាប់ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ និងការផ្លាស់ប្តូរជំហរ លើសង្គ្រាមនៅអ៊ុយក្រែន ដែលលោកជាអ្នកគាំទ្រយ៉ាងមុតមាំ។ លោកបាននិយាយថា សហរដ្ឋអាមេរិក «បានជ្រើសរើស ឈរជាមួយពួកជនផ្តាច់ការ» និង «បានបណ្តេញអ្នកស្រាវជ្រាវចេញ ដោយសារពួកគេទាមទារសេរីភាពផ្នែកវិទ្យាសាស្ត្រ»។
ទោះជាយ៉ាងណា សំណើនេះ ត្រូវបានគេមើលឃើញថាជារឿងនយោបាយជាជាងការអនុវត្តជាក់ស្តែង។ បារាំងខ្លួនឯងមានរូបសំណាក សេរីភាពចម្លងតូចជាងមួយនៅលើកោះតូចមួយក្នុងទន្លេសែន (Seine) ក្នុងទីក្រុងប៉ារីស។ អ្នកវិភាគខ្លះជឿថា ការលើកឡើងរបស់លោក ក្លុកស្មាន គឺជាការបង្ហាញជំហរប្រឆាំង នឹងគោលនយោបាយអាមេរិក ជាជាងការរំពឹងថារូបសំណាកនឹងត្រូវប្រគល់មកវិញមែន។
ប្រតិកម្មនៅលើបណ្តាញសង្គមបានបង្ហាញពីភាពខ្វែងគំនិតគ្នា។ អ្នកខ្លះបានសើចចំអកថា «អ្នកមិនអាចទាមទារអំណោយមកវិញទេ» ខណៈអ្នកផ្សេងទៀតបានយល់ស្រប នឹងទស្សនៈរបស់លោក ដោយលើកឡើងពីការផ្លាស់ប្តូរនយោបាយនៅអាមេរិក។ រហូតមកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការ ពីរដ្ឋាភិបាលអាមេរិកចំពោះសំណើនេះទេ។
