ព្រឹត្តិការណ៍

ការបិទជំនួយ USAID ដោយគ្មានការ អនុញ្ញាតត្រឹមត្រូវ អាចជាការរំលោភ លើរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក

ចៅក្រមសហព័ន្ធមួយរូប នៅសហរដ្ឋអាមេរិក បានចេញដីកាបញ្ជា ឱ្យផ្អាកជាបណ្តោះអាសន្ន នូវរាល់សកម្មភាពបន្ថែមទៀត ដែលនាំទៅដល់ការ បិទទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិ សហរដ្ឋអាមេរិក (USAID) ដោយលើកឡើងថា ការប៉ុនប៉ងបិទទីភ្នាក់ងារនេះ ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ អាចជាការរំលោភ លើរដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក ។

នៅថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ចៅក្រមសហព័ន្ធ លោក ថេអូដ័រ ជូអាង (Theodore Chuang) នៅតុលាការស្រុកសហព័ន្ធក្នុងរដ្ឋម៉ារីលែន បានចេញសេចក្តីសម្រេចមួយ ដោយហាមឃាត់លោក អេឡុង ម៉ាស្ក (Elon Musk) និងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាអង្គភាពមិនផ្លូវការមួយ មិនឱ្យបន្តការកាត់បន្ថយបុគ្គលិក ឬបញ្ចប់កិច្ចសន្យារបស់ USAID ដោយគ្មានការអនុញ្ញាតពីមន្ត្រីដែលមានសិទ្ធិស្របច្បាប់។ លោកចៅក្រមបានបញ្ជាឱ្យស្តារឡើងវិញនូវប្រព័ន្ធអេឡិចត្រូនិករបស់ទីភ្នាក់ងារ រួមទាំងអ៊ីមែល ប្រព័ន្ធទូទាត់ប្រាក់ និងសេវាសន្តិសុខសម្រាប់បុគ្គលិក។

ការសម្រេចនេះកើតឡើងបន្ទាប់ពីបុគ្គលិក ២៦ នាក់របស់ USAID បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក ម៉ាស្ក និង DOGE ដោយចោទប្រកាន់ថា ការបិទទីភ្នាក់ងារ នេះបានធ្វើឡើងយ៉ាងឆាប់រហ័ស និងខុសច្បាប់ ដែលបានរំខានដល់សេវាកម្មជំនួយ មនុស្សធម៌នៅក្រៅប្រទេស និងប៉ះពាល់ដល់ សិទ្ធិរបស់សភាក្នុងការ សម្រេចចិត្តលើអនាគតរបស់ទីភ្នាក់ងារមួយនេះ។ លោក ជូអាង បានសរសេរក្នុងសេចក្តីសម្រេចរបស់លោកថា សកម្មភាពទាំងនេះ “ទំនងជាបានរំលោភ លើរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកតាមវិធីជាច្រើន” ហើយបាន “ដកហូតសិទ្ធិអំណាច របស់តំណាងរាស្ត្រ ដែលត្រូវបានជ្រើស រើសដោយប្រជាពលរដ្ឋនៅក្នុងសភា”។

ទីភ្នាក់ងារ USAID ដែលត្រូវបានបង្កើតឡើងដោយសភាអាមេរិក ជាអង្គភាពសំខាន់មួយសម្រាប់ផ្តល់ជំនួយបរទេស និងកម្មវិធីអភិវឌ្ឍន៍ នៅទូទាំងពិភពលោក។ កាលពីខែមករា និងខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ាស្ក និង DOGE បានដឹកនាំការបិទទីស្នាក់ការ កណ្តាលរបស់ USAID នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ដោយផ្តល់ពេលត្រឹម ១៥ នាទីប៉ុណ្ណោះ ដល់បុគ្គលិកឱ្យប្រមូលរបស់របរផ្ទាល់ខ្លួនរបស់ពួកគេ ។

រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា USAID មានភាពខ្ជះខ្ជាយ និងត្រូវការការកែទម្រង់ ប៉ុន្តែលោក ជូអាង បានរកឃើញថា ការបិទទីភ្នាក់ងារនេះដោយគ្មានការយល់ព្រមពីសភា ឬមន្ត្រីដែលត្រូវបានតែងតាំងស្របច្បាប់ គឺជាការល្មើសអំណាច៕

Most Popular

To Top