ព័ត៌មានអន្តរជាតិ

បារាំង ៖ យន្តហោះយោធា ២គ្រឿង បុកគ្នានៅកណ្តាលអាកាស អំឡុងពេលហាត់សម

AFP

បរទេស៖ រូបភាពនៃឧប្បត្តិហេតុបានបង្ហាញឱ្យឃើញថា យន្តហោះយោធាពីរគ្រឿង មកពីក្រុមអាកាសយានិកដ៏ល្បី បានបុកគ្នានៅកណ្តាល អាកាសអំឡុងពេលហាត់សម នៅប្រទេសបារាំង ដោយបណ្ដាលឱ្យយន្តហោះធ្លាក់ ដល់ដី និងផ្ទុះឆេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា មនុស្ស ៣ នាក់ ក្នុងនោះ រួមមានពីឡុត ២នាក់ និងអ្នករួមដំណើរម្នាក់ បានចុចកៅអីសុវត្ថិភាពចេញមុនពេលធ្លាក់ ។ នេះបើតាមកងកម្លាំងអាកាស និងអវកាសបារាំង បានសរសេរនៅលើ X ។ ឧប្បត្តិហេតុបុកគ្នានេះ បានកើតឡើងនៅជិតមូលដ្ឋាន ទ័ពអាកាសក្នុងទីក្រុង Saint-Dizier ភាគខាងកើតប្រទេស បារាំង កាលពីរសៀលថ្ងៃអង្គារ អំឡុងពេលសមយុទ្ធហ្វឹកហាត់ ដែលមានការចូលរួមពីយន្តហោះចម្បាំង Alpha ចំនួន ៦គ្រឿង មកពី Patrouille de France ដែលជាក្រុម aerobatics របស់កងទ័ពអាកាសបារាំង ។

វីដេអូដែលថតបានដោយអ្នកឈរមើល បានបង្ហាញឲ្យឃើញពីពេលដែលយន្តហោះ បញ្ចេញផ្សែងហុយៗ បានបុកគ្នានៅកណ្តាលអាកាសតែម្តង។ បន្ទាប់មក យន្តហោះបានហោះសំដៅមកដី ខណៈដែលក្រុមនាវិកត្រូវបានគេមើលឃើញថា បានចុចកៅអីសុវត្ថិភាពហោះចេញ។ ក្រោយមក យន្តហោះបានធ្លាក់មកដី ហើយផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។

រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu បានបញ្ជាក់អំពីឧប្បត្តិហេតុនៅលើ X ដោយកត់សម្គាល់ថា សេវាសង្គ្រោះបន្ទាន់ត្រូវ បានដាក់ពង្រាយភ្លាមៗ ទៅកាន់កន្លែងកើតហេតុ។
ប្រែប្រួលៈ ណៃ តុលា

Most Popular

To Top