ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយចុះផ្សាយព័ត៌មាននៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ថា អង់គ្លេស បានចាកចេញពីសហភាពអឺរ៉ុប (EU)ជាផ្លូវការហើយ នៅវេលាម៉ោង១១ល្ងាច ត្រូវនឹងម៉ោង២៣និង០០នាទីម៉ោងសកល ជាថ្ងៃចុងក្រោយក្នុងនាមជាសមាជិកភាពដែលមានអាយុកាលដ៏វែង គឺរយៈពេល៤៧ឆ្នាំ នៃប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក ។
នៅក្នុងការផ្សាយតាមទូរទស្សន៍ នៃកម្មវិធីពិសេស បានគូសបញ្ជាក់ដល់ប្រជាជាតិ លោក ប៊ូរីស ចនស៊ុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានឡើងកាន់មុខតំណែង ស្របពេលមានវិបត្តិនៃការចាកចេញ របស់ចក្រភពអង់គ្លេស បានហៅចលនានេះថា “ជាលើកដំបូងនៃការបើកទំព័រសករាជថ្មីមួយ” នៅគ្រាដែល “ភាពប្រាកដប្រជាបានកើតឡើង សម្រាប់សកម្មភាពថ្មីមួយ” ។
លោកបានថ្លែងថា “ការងាររបស់យើង ក្នុងនាមរដ្ឋាភិបាល ការងាររបស់ខ្ញុំ គឺនឹងនាំមកនូវប្រទេសនេះទាំងអស់គ្នា និងនាំយកដំណើរឆ្ពោះទៅមុខទំាងអស់គ្នា” ។ “ហើយមានសារៈសំខាន់ណាស់នូវអ្វីដែលបានលើកឡើង សម្រាប់រាត្រីនេះដែលមិនជាការបញ្ចប់នោះទេ ប៉ុន្តែជាការចាប់ផ្តើមឡើងវិញ” ។
កាលពីថ្ងៃសុក្រម្សិលមិញនេះ គណៈរដ្ឋមន្ត្រីនៃរដ្ឋាភាលអង់គ្លេស បានជួបប្រជុំគ្នានៅក្រុង Sunderland ដែលជាទីក្រុងដំបូងគេបង្អស់ ដើម្បីធ្វើការប្រកាសគាំទ្រដល់ការចាកចេញ ពីសហភាពអឺរ៉ុប ក្នុងអំឡុងពេល៣ឆ្នាំកន្លះកន្លងទៅនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


