កីឡា

ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យប្រកបដោយសាមគ្គីភាព និងស្មារតីកីឡា

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃអាទិត្យនេះព្រឹត្តិការណ៍ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ប្រចាំខេត្តបន្ទាយមានជ័យបានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយ និងអស្ចារ្យបំផុតជាមួយបង្ហាញពីភាពស្វាហាប់ និងឆន្ទៈរបស់កីឡាករ-កីឡាការិនី ព្រមទំាំងបានផ្តល់បទពិសោធន៍កីឡាល្អៗដល់ក្រុមបាល់ទាត់ ៣០ក្រុម ដែលបានចំណាយពេលវេលាជាច្រើនសប្តាហ៍ហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាព ភាពជឿជាក់ និងស្មារតីសាមគ្គីភាព តាមរយៈកីឡាទៀតផង ។

ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League នេះដោយមានការចូលរួមពីសាលារៀន អង្គការដៃគូ កុមារ និងយុវជនដែលជួបប្រទះការខ្វះខាត ការប្រកួតនេះដើរតួយ៉ាងសំខាន់រួមចំណែកដល់ការអភិវឌ្ឍសមត្ថភាព និងការចូលរួមរបស់យុវជនទូទាំងខេត្ត ។ ការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំ ដែលកើតចេញពីកិច្ចសហការរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រនេះមានគោលបំណងផ្តោតសំខាន់លើសុខភាព ការអប់រំ សមភាពយេនដ័រ និង ជំនាញបំណិនជីវិត តាមរយៈកីឡា ។

ព្រឹត្តិការណ៍នេះមានអត្ថន័យលើសពីការប្រកួតដណ្តើមយកពានរង្វាន់ ហើយវាគឺជាការអបអរសាទរ និងបំផុសទឹក ចិត្តពីសមិទ្ធផលសម្រេចបាន ការតស៊ូធន់ទ្រាំ និងភាពសប្បាយរីករាយ ។ ឪពុកម្តាយ និងអ្នកចូលរួមគាំទ្រ ទទួលបានភាពសប្បាយរីករាយពីការទស្សនាការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករ-កីឡាការិនីទៅតាម ប្រភេទអាយុផ្សេងៗ និងមានមោទនភាពចំពោះកូនៗរបស់ពួកគាត់ ដែលបានទទួលមេដាយ និងពានរង្វាន់ ។ ក្រុមជើងខ្លាំងពីការប្រកួតវិលជុំប្រចាំខេត្តបន្ទាយមានជ័យនឹងទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រ AIA–ISF Grand Championship League ដ៏ធំនៅរាជធានីភ្នំពេញ ។

លោក Greg Preston ជាប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការ ផ្កាយសមុទ្របានមានប្រសាសន៍ថា ការប្រកួតវិលជុំរដូវកាលនេះពិតជាអស្ចារ្យ ដោយពួកយើងបានឃើញ ពីភាពរីកចម្រើន និងឆន្ទៈដ៏ជ្រាលជ្រៅរបស់កីឡាករកីឡាការនីម្នាក់ៗចាប់តាំងពីចាប់ផ្តើមលេងបាល់ទាត់ ដំបូងរហូតដល់បានក្លាយជាកីឡាករកីឡាការនីក្នុងការប្រកួតវិលជុំនេះ ។ អង្គការផ្កាយសមុទ្រពិតជាមាន មោទនភាពចំពោះភាពរីកចម្រើនរបស់ពួកគេទាំងនៅក្នុង និងក្រៅទីលាន។

ព្រឹត្តិការណ៍បិទការប្រកួតវិលជុំកុមារ និងយុវជន AIA-ISF Youth League នេះគឺជាការថ្លែងអំណរគុណយ៉ាងធំធេងចំពោះការខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក អាជ្ញាកណ្តាល ឪពុកម្តាយ និងអ្នកចូលរួមគាំទ្រលើកទឹកចិត្ត ដែលបានធ្វើឲ្យកម្មវិធីនេះអាចដំណើរការទៅបានយ៉ាងរលូន ។

បញ្ជាក់ថា កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹង សុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុង ប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម តាមរយៈការហ្វឹកហាត់បាល់ ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀនកម្មវិធីសិក្សាបាល់ទាត់ សង្គមជាដើម ។

ចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់ តែច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផលប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមាន សមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម៕

Most Popular

To Top