កីឡា

កីឡាករ-កីឡាការិនី ចំនួន ១២០ នាក់ ចូលរួមការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ ខេត្តពោធិ៍សាត់២០២៥ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ខេត្តពោធិ៍សាត់ ៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក ថ្នាក់ខេត្តពោធិ៍សាត់ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅស្រុកកណ្តៀង រៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកកណ្តៀង ព្រះគ្រូចៅអធិការវត្តធម្មសិរិមង្គល និងសហព័ន្ធកីឡាចំបាប់កម្ពុជា ។

លោក កាង ដែនពិសិដ្ឋ ជាគ្រូបង្វឹកក្រុមជម្រើសជាតិ កីឡាចំបាប់ និងគណៈកម្មការៀបចំការប្រកួត បានប្រាប់តាមអនឡាញថា ការប្រកួតកីឡាចំបាប់ ជ្រើសរើសជើងឯកថ្នាក់ ខេត្តពោធិ៍សាត់ ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ មានរយៈពេល២ ថ្ងៃចាប់ពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដែលប្រព្រឹត្តិទៅ នៅបរិវេណវត្តធម្មសិរិមង្គល ដើម្បីបង្ហាញពីកីឡាចំបាប់បុរាណខ្មែរ និងផ្សព្វផ្សាយកីឡាចំបាប់ ដល់ប្រជាពលរដ្ឋរស់នៅស្រុកកណ្តៀង និងខេត្តពោធិ៍សាត់។

លោកគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាចំបាប់បានបន្តថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ខេត្តពោធិ៍សាត់ឆ្នាំនេះមានកីឡាករ-កីឡាការិនីចំនួន ១២០ នាក់ក្នុងនោះមានកីឡាការិនីចំនួន ៤ នាក់ ។ ប្រកួតមាន ២ វិញ្ញាសា គឺអាយុក្រោម១០ដល់១៧ឆ្នាំ មានចំនួនកីឡាករ-កីឡាការិនីចំនួន ៧០ នាក់ និងអាយុ ១៨ឆ្នាំឡើងមានចំនួនកីឡាករ-កីឡាការិនីចំនួន ៥០នាក់ ។

តាងនាមរូបលោកផ្ទាល់ និងតាំងនាមសហព័ន្ធកីឡាចំបាប់កម្ពុជា សូមថ្លែងអំណរគុណដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ រដ្ឋបាលស្រុកកណ្តៀង ព្រះគ្រូចៅអធិការវត្តធម្មសិរិមង្គល ដែលបានរៀបចំការប្រកួតនេះឡើង ស្របពេលប្រទេសកម្ពុជា ត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាយុជន អាស៊ីឆ្នាំ២០២៩ខាងមុខនេះ ៕

Most Popular

To Top