កម្ពុជា ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះថា កីឡាករ ២ នាក់នៃក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ជ្រើសរើសជាផ្លូវការ ស្ថិតក្នុងក្រុម ASEAN All-Stars ដែលនឹងមានការ ប្រកួតមិត្តភាពជាមួយក្រុម Manchester United នៅខែក្រោយនៅប្រទេសម៉ាឡេស៊ី ។
យោងតាមផេកផ្លូវការ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយថា តបតាមការស្នើសុំរបស់លោកគ្រូបង្គោល លោក KIM SANG-SIK តាមរយៈសហព័ន្ធកីឡាបាល់ ទាត់អាស៊ាន (AFF) សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពក្នុង ការបញ្ជូនកីឡាករ ២នាក់ រួមមានកីឡាករ កាន់ ម៉ូ មកពីក្លិបបាល់ទាត់វិសាខា និងកីឡាករ នេតូ រ៉ុនដុន មកពីភ្នំពេញក្រោន ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាព អន្តរជាតិ ជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED ។

ការប្រកួតនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៨ ខែឧសភា នៅកីឡដ្ឋាន Bukit Jalil ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ជាការប្រកួត Maybank Challenge Cup និងមានបំណងរៃអង្គាសថវិកាសម្រាប់ Al-Sultan Abdullah (YASA) ជាអង្គការសប្បុរសធម៌ ដ៏មានកិត្យានុភាព នៅប្រទេសម៉ាឡេស៊ី ។
បញ្ជាក់៖ក្រុម ASEAN All-Stars នឹងបង្ហាញកីឡាករកំពូលៗដែលត្រូវបានជ្រើសរើសពីសមាគមសមាជិក AFF ទាំង ១២ ដោយឆ្លុះបញ្ចាំងពីភាពចម្រុះ និងកម្លាំងរួមនៃបាល់ទាត់អាស៊ីអាគ្នេយ៍។ ការប្រកួតមិត្តភាពរវាងក្រុម ASEAN All-Stars Team និងក្លឹបបាល់ទាត់ Manchester United ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ នាំមកនូវវប្បធម៌ចម្រុះ និងបង្ហាញពីចំណង់ចំណូលចិត្ត និងវឌ្ឍនភាពនៃកីឡាបាល់ទាត់ក្នុងតំបន់អាស៊ាន៕
ដោយ៖លី ភីលីព
