ព័ត៌មានអន្តរជាតិ

ថៃគ្រោងនឹងបន្ថែមទឹកប្រាក់ ១៥ ពាន់លានដុល្លារក្នុងវិស័យសេដ្ឋកិច្ចដើម្បីជំរុញកំណើន GDP របស់ប្រទេស

Xinhua

ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃមានគោលបំណងបន្ថែមទឹកប្រាក់ជាង ៥០០ ពាន់លានបាត (១៥ ពាន់លានដុល្លារ) ទៅក្នុងសេដ្ឋកិច្ច ដើម្បីជំរុញកំណើន GDP របស់ប្រទេសឲ្យលើសពី ១.៨ ភាគរយដោយផ្តោតលើការជំរុញការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីទន់។

សកម្មភាពនេះកើតឡើង បន្ទាប់ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានកែប្រែការព្យាករណ៍កំណើន GDP របស់ប្រទេសថៃ ឆ្នាំ ២០២៥ ធ្លាក់ចុះពី ២.៩ភាគរយទៅ១.៨ភាគរយដោយលើកឡើងពីផលប៉ះពាល់នៃពន្ធគយរបស់អាមេរិក។

ប្រទេសថៃនៅតែជាប្រទេសអាស៊ានតែមួយគត់ដែលការព្យាករផលិតផលក្នុងស្រុកសរុបត្រូវបានកាត់មកនៅក្រោម ២ភាគរយ សម្រាប់ឆ្នាំ ២០២៦ IMF រំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតមកត្រឹម ១.៦ភាគរយ។

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បាននិយាយថា លោកចាត់ទុកការព្យាករណ៍របស់ IMF ជាការវាយតម្លៃបឋម។ លោកបានទទួលស្គាល់ថា គោលនយោបាយពន្ធដាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អាចមានផលប៉ះពាល់ខ្លះៗ ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងតាមដានការអភិវឌ្ឍន៍យ៉ាងដិតដល់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តវិធានការជំរុញសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃ GDP និងរក្សាកំណើននៅកម្រិតមុន។

លោកបានបន្ថែមថា ប្រភពនៃមូលនិធិនៅតែស្ថិតក្រោមការពិនិត្យដោយមានជម្រើសជាច្រើនត្រូវបានពិចារណា។ ការពិគ្រោះយោបល់កំពុងបន្តជាមួយភ្នាក់ងារសំខាន់ៗ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងធនាគារថៃ។

ទន្ទឹមនឹងនេះ លោក Lavaron Sangsnit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុបានអះអាងថា ជំហរសារពើពន្ធរបស់ប្រទេសថៃនៅតែរឹងមាំ។ លោកបានសង្កត់ធ្ងន់ថា កញ្ចប់ថវិកាជំរុញ ៥០០ ពាន់លានបាត ត្រូវតែដាក់ឲ្យប្រើប្រាស់ជាយុទ្ធសាស្រ្ត ដោយកត់សម្គាល់ថា ការជំរុញការប្រើប្រាស់ក្នុងស្រុកអាចផ្តល់ផលចំណេញសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ លោកបានបន្ថែមថា ការវិនិយោគ គឺមានសារសំខាន់ស្មើគ្នាក្នុងការគាំទ្រដល់កំណែទម្រង់សេដ្ឋកិច្ចតាមរចនាសម្ព័ន្ធ៕

Most Popular

To Top