ភ្នំពេញ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងអភិបាលរងនៃគនៈណៈអភិបាលក្រុង ស្រុកនាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថា្នក់ខេត្ត ប្រចាំឆ្នាំ២០២៥ ជាផ្លូវការនៅកីឡដ្ឋានខេត្តកណ្តាល ការប្រកួតរៀបចំដោយការិយាល័យ អប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានមានប្រសាសន៍ ខ្ញុំសូមកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត រួមទាំងគណៈកម្មការ និងអនុគណៈកម្មការបច្ចេកទេសទាំងអស់ បានខិតខំប្រឹងប្រែង រៀបចំឲ្យមានការប្រកួតនេះ និងធ្វើឲ្យការប្រកួតនេះដំណើរការបានល្អប្រសើរ មានភាពសុក្រឹត យុត្តិធម៌ និងជោគជ័យ នេះជាសក្ខីកម្មបង្ហាញពីការយកចិត្តទុកដាក់របស់មន្ទីរ និងមន្ត្រីជំនាញដែលនាំគ្នាខិតខំបំពេញភារកិច្ចអនុវត្តតាមគោលនយោបាយជាតិអប់រំកាយ និងកីឡា ហើយបានធ្វើ ឲ្យវិស័យកីឡា ខេត្តកណ្តាល មានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ។


លោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា កីឡាករ កីឡាការិនីទាំងអស់ពោរពេញទៅដោយកម្លាំងខ្លាំងក្ល ទឹកចិត្តតស៊ូ អត់ធ្មត់ និងមានសាមគ្គីភាពក្នុងក្រុមល្អ ទាំងក្រុមឈ្នះ និងក្រុមចាញ់ សុទ្ធតែបានបញ្ចេញនូវទេពកោសល្យ និងភាពប៉ិនប្រសប់របស់ខ្លួនដើម្បីដណ្ដើមជ័យជម្នះជូនក្រុម និងជូនក្រុង ស្រុក របស់ខ្លួន ។វិស័យកីឡាជាវិស័យមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុង គោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិឲ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ។

ជារៀង រាល់ឆ្នាំ យើងបានរៀបចំឲ្យមានការប្រកួតកីឡាជាច្រើនប្រភេទ ទាំងកីឡាសិស្ស និងកីឡាមហាជន ដើម្បីជ្រើសរើសក្រុមកីឡាល្អៗ កីឡាករ កីឡាការិនីឆ្នើម ត្រៀមចូលរួមប្រកួតនៅថ្នាក់ជាតិ ការរចូលរួមលេងកីឡា គឺជាសកម្មភាពមួយដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ក្រោមប្រធានបទ “ពលរដ្ឋម្នាក់ មានជំនាញ កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត” កីឡាធ្វើឲ្យយើងសប្បាយ កីឡាធ្វើឲ្យ មានមិត្តច្រើន កីឡាធ្វើឲ្យមានកាយសម្បទារឹងមាំ ឈ្នះអស់ជំងឺ ដង្កាត់ទាំងឡាយ ធ្វើឲ្យខួរក្បាលភ្លឺថ្លា ដូច្នេះត្រូវនាំគ្នាបន្តចូលរួមលេងកីឡា ដើម្បីពង្រឹងកាយសម្បទា ចូលរួមធ្វើឲ្យ ឃុំ សង្កាត់ មានសុវត្ថិភាព និងមានពលរដ្ឋល្អ នាពេលអនាគត ។

នៅឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ មុខមាត់របស់ខេត្តកណ្តាល បានលេចធ្លោលើទូទាំងប្រទេស ទីមួយលើការសិក្សារបស់សិស្សយើងមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដល់ទៅ ៨៣,១៥% ហើយជាប់និទ្ទេស A រហូតដល់ សរុប ២១៦នាក់ ស្រី ១២៥នាក់ និងទីពីរ គឺវិស័យកីឡាយើងទទួលបានមេដាយច្រើនក្នុងការប្រកួតកីឡានៅឆ្នាំ២០២៤ រហូតដល់ទៅ ១៣៩គ្រឿង ក្នុងនោះ ការប្រកួតដែលមានសក្តានុពលជាងគេគីកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ ដែល ខេត្តកណ្តាលទទួលបាន មេដាយសរុបចំនួន១១០គ្រឿង បានចំណាត់ថ្នាក់ លេខ២ទូទាំងប្រទេស។


ខ្ញុំស្នើមន្ទីរអប់រំ យុវជន និងកីឡា ក៏ដូចជារដ្ឋបាលក្រុង ស្រុក ត្រូវថែរក្សាក្លឹបកីឡាដែលមានស្រាប់ក្នុងក្រុង ស្រុក ឲ្យបានគង់វង្ស និងមាន ការហ្វឹកហាត់ ព្រមទាំងចូលរួមប្រកួតបានច្រើនដើម្បីមិត្តភាព និងដកស្រង់បច្ចេកទេស ត្រូវបន្តជំរុញឲ្យបង្កើតក្លឹបកីឡា កាន់តែច្រើនថែមទៀត សម្រាប់ឲ្យកុមារ យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋបានចូលរួមក្នុងការ លេងកីឡា ដើម្បីថែរក្សាសុខភាព។ ទន្ទឹមនេះត្រូវពង្រឹងការ ហ្វឹកហាត់ ត្រៀមចូលរួមប្រកួតកីឡាជាតិ លើកទី៥ នៅឆ្នាំក្រោយនេះ៕
ដោយ៖ លី ភីលីព
