ខេត្តកណ្តាល ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល បានមានប្រសាសន៍ថា វិស័យកីឡា ជាវិស័យមួយដ៏សំខាន់ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលបំណងពង្រឹងកាយសម្បទា និងសុខភាពយុវជន យុវនារី ប្រជាពលរដ្ឋឲ្យមានសុខភាពល្អ ដើម្បីចាប់យកនូវចំណេះដឹងបែបវិទ្យាសាស្ត្រ និងមុខរបរផ្សេងៗ រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យក្លាយ ជាប្រទេសមានសេដ្ឋកិច្ចខ្ពស់ និងមានភាពជឿន លឿនផ្នែកបច្ចេកវិទ្យា ជារៀងរាល់ឆ្នាំមន្ទីរអប់រំយុវជន និង កីឡាខេត្តកណ្ដាល បានរៀបចំឲ្យមានការ ប្រកួតកីឡាជា ច្រើនប្រភេទ ទាំងកីឡាសិស្ស និងកីឡាមហាជន ដើម្បីជ្រើសរើសក្រុមកីឡាល្អៗ កីឡាករ កីឡាការិនីឆ្នើម ត្រៀមចូលរួមប្រកួតនៅថ្នាក់ជាតិ ។

លោក គួច ចំរើន អភិបាល បានលើកឡើងក្នុង ឱកាសពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៥ ដែលស្ថិតនៅទីលានកីឡដ្ឋានខេត្ត ក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយបានការអញ្ជើញ ចូលរួមពីអាជ្ញាធរ ក្រុង-ស្រុក មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជាច្រើនរូបផងដែរ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ។

លោកក៏បានកោតសរសើរ ចំពោះគណៈកម្មការរៀបចំការប្រកួត ដែលបានខិតខំដំណើការកម្មវិធីនេះ តាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបញ្ចប់ ប្រកបដោយជោគជ័យ និងសូមផ្តាំផ្ញើដល់ក្មួយៗ ប្អូនៗ កីឡាករ កីឡាការិនីទាំងអស់ត្រូវបន្តនាំគ្នាចូលរួម លេងកីឡាឲ្យបានច្រើន ដើម្បីសុខមាលភាព និង រួមចំណែកជម្រុញឱ្យ “ប្រជាពលរដ្ឋម្នាក់ លេងកីឡាឱ្យបាន មួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

លោក ចេង សំអ៊ុល ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា៖ ក្នុងការប្រកួតនេះមាន ៣១ក្រុម ស្មើនឹង៤៥២នាក់ ដែលជាក្រុមកីឡាមកពីបណ្តាក្លឹបនានា ក្នុងខេត្តកណ្តាល ប្រកួតនៅទីលានកីឡដ្ឋានខេត្ត។ ចំពោះកីឡាបាល់ទាត់ មាន១០ក្រុម ស្មើនឹង២០០នាក់ ផ្នែកកីឡាបាល់ទះមាន០៩ក្រុម បុរស០៤ក្រុម និងនារី០៥ក្រុម ស្មើនឹង១០៨នាក់ នារី៦០នាក់ ផ្នែកកីឡាបាល់បោះ មាន១២ក្រុម បុរស០៦ក្រុម និងនារី០៦ក្រុម ស្មើនឹង១៤៤នាក់ ស្រី៧២ ។

កីឡាបាល់បោះ ៖មេដាយមាសបានទៅលើក្រុមកីឡាសមាគមន៍កីឡា ខេត្តកណ្ដាល មេដាយប្រាក់បានទៅលើ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត។ បុរស មេដាយមាសបានទៅលើក្រុមកីឡា ដឹលីជែន មេដាយប្រាក់បានទៅលើក្រុមកីឡា រ៉ុកគី និងមេដាយសំរិទ្ធបានទៅលើ ក្រុមកីឡា សេអ៊ូល។

កីឡាបាល់ទះ៖មេដាយមាសបានទៅលើក្រុមកីឡា រួមចិត្តតែមួយ (ក្រុងតាខ្មៅ) មេដាយប្រាក់បានទៅលើ ក្រុមកីឡា វិទ្យាល័យព្រែកស្លែង (ស្រុកកណ្ដាលស្ទឹង) និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ (ក្រុងតាខ្មៅ) ។បុរស៖ មេដាយមាសបានទៅលើ ក្រុមកីឡា ស្នងការនគរបាលខេត្តកណ្ដាល មេដាយប្រាក់បានទៅលើ ក្រុមកីឡា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ (ក្រុងតាខ្មៅ) និងមេដាយសំរិទ្ធបានទៅលើក្រុមកីឡា វិទ្យាល័យព្រែកស្លែង (ស្រុកកណ្ដាលស្ទឹង)។
កីឡាបាល់ទាត់បុរស៖មេដាយមាសបានទៅលើ ក្រុមកីឡា ក្រុមបាល់ទាត់៩៩៩ មេដាយប្រាក់បានទៅលើ ក្រុមកីឡា យុវជនវត្តសិរីបន្ទាយដែក និងមេដាយប្រាក់បានទៅលើ ក្រុមកីឡា ព្រះនរាយណ៍FC៕
ដោយ៖លី ភីលីព

