ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកណ្ដាល ទទួលខុសត្រូវរួម នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ មន្ត្រីពាក់ព័ន្ធ និងតំណាងសហព័ន្ធកីឡាជាតិទាំង១៣ ប្រភេទកីឡា នៅសាលប្រជុំធំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀប ចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ការចុះឈ្មោះចូលរួម ប្រកួតគិតត្រឹមថ្ងៃកំណត់ គឺមានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ចុះឈ្មោះចូលរួមមកពី ២៥រាជធានី ខេត្ត សរុបចំនួន ៣០២៦នាក់ និងមានមានគណៈកម្មការសម្រាប់ដឹកនាំការប្រកួតតាមប្រភេទកីឡាសរុបមាន ៣៤២ នាក់ និងគណៈកម្មការទទួលបន្ទុករួមចំនួន ១៦៥ នាក់ ។

ពិធីបើកការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ចំណេកពិធីបិទការ ប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ជាផ្លូវការនឹងធ្វើឡើងនាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ស្ថិតក្រោមអធិបតីភាព លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនេះ កីឡាករ និងកីឡាការនី ស្ថិតក្នុងវ័យកុមារភាព ដូច្នេះមន្ត្រីពាក់ព័ន្ធនានា មេត្តាជួយ ពន្យល់ ណែនាំដល់កីឡាករ កីឡាការនី អំពីសុវត្ថិភាព ក្នុងការប្រកួត ដល់ពួកគាត់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ព្រោះប្រធានបទរបស់យើងគឺ កីឡាដើម្បីសុខភាពសិក្សា។ លោករដ្ឋលេខាធិការ ក៏បានផ្ដល់អនុសាសន៍ណែនាំ ចង្អុលបង្ហាញបំពេញបន្ថែម នូវចំណុចសំខាន់ៗ ពាក់ព័ន្ធគណៈកម្មការរៀបចំការប្រកួត តាមផ្នែកនីមួយៗ ដើម្បីជំរុញឲ្យដំណើរការប្រកួតប្រព្រឹត្តិទៅបានរលូន និងទទួលបានជោគជ័យ ។

លោកក៏បានស្នើសុំដល់សហព័ន្ធទាំង១៣ ប្រភេទកីឡា តាមដានរាល់ការប្រកួតរបស់កីឡាករ-កីឡាការនី ដើម្បីពិនិត្យ តាមដាន និងជ្រើសរើសរកអ្នកដែលមានទេពកោសល្យកីឡា និងឧបនិស្ស័យកីឡា ដើម្បីបន្តជម្រុញ និងបណ្ដុះបណ្ដាលបច្ចេកទេសជូនពួកគាត់ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជា កីឡាក និងកីឡាការនីកម្រិតខ្ពស់ នាពេលអនាគត៕



