កីឡា

ក្រុមអត្តពលិកជាង ៣០ នាក់ បានចុះឈ្មោះចូលរួមការ ប្រកួតកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំនេះ

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានកីឡាករ-កីឡាការិនី កាយវប្បកម្ម និងលំហាត់ប្រាណ បានចុះ ឈ្មោះចូលរួមជាង ៣០ នាក់ដើម្បីចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាកីឡាកាយវប្បកម្ម ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តិនាថ្ងៃទី៥ -៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ។

លោកស្រី អេមី អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់កម្ពុជា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីកាយវប្បកម្ម និងលំហាត់ប្រាណជាង ៣០ នាក់បានចុះឈ្មោះចូលរួមជាផ្លូវការហើយ ចំណែកការចុះ ឈ្មោះចូលរួមនេះ កីឡាករច្រើនជាងគេកីឡាការិនី ដោយសារនៅប្រទេសកម្ពុជា សម្រាប់ប្រភេទ កីឡាកាយវប្បកម្ម មានកីឡាការិនីតិច ដែលធ្វើការហ្វឹកហាត់ ។

លោកស្រី អេមី អគ្គលេខាធិការ បានបញ្ជាក់ថា សូមជូនដំណឹងផ្តល់កីឡាករ-កីឡាការិនី កីឡាកាយវប្បកម្ម ទាំងអស់នៅទូទាំង ប្រទេសអាចចុះឈ្មោះជាមួយ សហព័ន្ធកីឡាកាយវប្បកម្មនៅទីស្នាក់ការសហព័ន្ធ៖ ក្លិប រ៉ាវី អេមី ជឹម លើផ្សារសំណង់១២ (ផ្សារទំនើបជីបម៉ុង) ផ្លូវ២៦៥ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ការប្រកួតខាងលើកនេះមាន ៥ វិញ្ញាសាប្រកួតរួមមាន៖ បុរសសាច់ដុំ (Men’s Bodybuilding 60kg, 65kg, 70kg, 75kg and over 75kg) បុរសសាច់ដុំរូបរាងសង្ហា (Men’s Athletic Physique Open category) បុរសសាច់ដុំ មុខស្រស់ រូបរាងសង្ហា (Men’s Sport Physique Open category) ៤- បុរសជំទង់សាច់ដុំ មុខស្រស់ រូបរាងសង្ហា អាយុក្រោម២១ឆ្នាំ (Junior Men’s Sport Physique under 21yrs.) និងស្ត្រីសាច់ដុំ មុខស្រស់ រូបរាងស្អាត (Women’s Sport Physique Open category)។

សហព័ន្ធចាប់ទទួលពាក្យចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃ ជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់សហព័ន្ធដែលមានទីតាំងនៅ ក្លិបហាត់ប្រាណ រ៉ាវី អេមី ជីម ផ្សារសំណង់១២ ផ្លូវ២៦៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការប្រកួតជើងឯកនេះ ជាចម្រាញ់ស្វែងរកកីឡាករ-កីឡា ការិនីកីឡាកាយវប្បកម្ម ឆ្នើមកម្ពុជាត្រៀម ការប្រកួតកីឡា កាយវប្បកម្ម កម្រិតអន្តរជាតិនានារៀបចំដោយសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ អន្តរជាតិក្នុងឆ្នាំ២០២៥៕

Most Popular

To Top