ខេត្ត Shandong ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា វីដេអូបានបង្ហាញពីអ្នកទេសចរ ជនជាតិចិន ២នាក់បានរួចផុត ពីសេចក្តីស្លាប់ បន្ទាប់ពីធ្លាក់ពី ច្រាំងថ្មភ្នំ Tai ក្នុងខេត្ត Shandong បានរីករាលដាលនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម ដែលបង្កឲ្យមានការពិភាក្សា យ៉ាងក្តៅគគុកលើបណ្តាញសង្គម។
វីដេអូដែលថតបានកាលពីថ្ងៃទី ៤ ខែឧសភា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខែឧសភារបស់ប្រទេសចិន ទទួលបានការចូលមើលចំនួន ៨ លានដងនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមចិនមកទល់ពេលនេះ។ វីដេអូនេះដែលថតដោយអ្នកទេសចរម្នាក់ទៀត គូស្នេហ៍មួយគូដែលជាប់គាំង ក្នុងជួរអ្នកទេសចរ បានព្យាយាមឆ្លងផុត ហ្វូងមនុស្សដោយជិះកាត់តាមច្រាំងថ្មចោទ។
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពួកគេព្យាយាមឡើងលើជញ្ជាំងសិប្បនិម្មិតមួយ ដើម្បីភ្ជាប់ជួរខាងមុខ បុរសនោះបានរអិលជើង ខណៈកំពុងដឹកស្ត្រីនោះនៅលើស្មារបស់គាត់ ដើម្បីជួយនាងពីលើជញ្ជាំង។ អ្នកទាំង ២នាក់បានធ្លាក់ពីលើច្រាំងថ្មចោទ។
កាសែត South China Morning Post បានរាយការណ៍ថា បុរសនោះបានជាប់គាំង នៅលើវេទិកាថ្ម ខណៈដែលកំពុងកាន់ជើងស្ត្រី នោះយ៉ាងអស់សង្ឃឹម។ ស្ត្រីដែលក្បាលរបស់គាត់បុកនឹងថ្ម និងគុម្ពោតពេលនាងដួល ត្រូវបានសង្គ្រោះ ដោយការក្តាប់របស់បុរសនោះ។
សាក្សីបានប្រាប់ថា អ្នកទាំង២នាក់ បានរងរបួសធ្ងន់ ទោះជាយ៉ាងនេះក្តី ពួកគេបានក្រោកឈរឡើងវិញ ហើយដើរតាមផ្លូវទៅកាន់ទីសុវត្ថិភាព។ អាកប្បកិរិយារបស់ពួកគេបានជំរុញ ឲ្យមានការពិភាក្សាលើអ៊ីនធើណេតយ៉ាងក្តៅគគុក។
អ្នកលេងអ៊ីនធើណេតម្នាក់បានសរសេរថា ពួកគេមានសំណាងណាស់ បើមិនដូច្នេះទេពួកគេអាចស្លាប់។ ម្នាក់ទៀតសរសេរថា ពួកគេប្រថុយពេកហើយ។
អ្នកនិយមលេងអ៊ីនធើណេតម្នាក់ទៀតបានសរសើរបុរសនោះថា គាត់ជាដៃគូដ៏ល្អម្នាក់កាន់ជើងនាងក្នុងពេលជីវិតឬស្លាប់។ ក្រោយពេលកើតហេតុ រមណីយដ្ឋានទេសចរណ៍ បានសន្យាថានឹងគ្រប់គ្រងហ្វូងមនុស្សឲ្យបានល្អ ដើម្បីជៀសវាងឧបទ្ទវហេតុស្រដៀងគ្នានេះទៅថ្ងៃអនាគត។
ភ្នំ Tai មានកម្ពស់ ១,៥០០ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ វាគឺជាភ្នំដ៏ពិសិដ្ឋមួយក្នុងចំណោមភ្នំទាំង៥របស់ប្រទេសចិន ហើយត្រូវបានចុះបញ្ជី ជាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូក្នុងឆ្នាំ ១៩៨៧។ ភ្ញៀវទេសចររាប់លាននាក់មកទស្សនាភ្នំជារៀងរាល់ឆ្នាំ ដើម្បីរីករាយនឹងទេស ភាពធម្មជាតិដ៏គួរឲ្យភ្ញាក់ផ្អើល និងសំណង់ប្រវត្តិសាស្ត្រ ៕
