កីឡា

ម្ចាស់មេដាយមាស ហេង វុទ្ធី ៖ ការប្រកួតជើងឯក អាស៊ីអាគ្នេយ៍ ជាបទពិសោធដ៏សំខាន់ ក្នុងការត្រៀមឆ្ពោះទៅប្រជែងមេដាយ Sea Games 33 នៅថៃ

ភ្នំពេញ ៖ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ កីឡាករចំបាប់ ជម្រើសជាតិកម្ពុជា ហេង វុទ្ធី ដែលឈ្នះមេដាយមាស ក្នុងព្រឹត្តិការណ៍ការ បកួតកកីឡាចំបាប់ ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” ដែលប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី៩ ខែឧសភា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី បានចាត់ទុកថា ការប្រកួតនេះពិបាកបន្តិច ប៉ុន្តែវាជាបទពិសោធដ៏ សំខាន់មួយ ក្នុងការត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែងមេដាយ ជូនជាតិម្តងទៀត ក្នុងការប្រកួតកីឡា Sea Games 33 នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ ។

កីឡាករជម្រើសជាតិកីឡាចំបាប់ ហេង វុទ្ធី គូសបញ្ជាក់ថា ការដណ្តើមបានមេដាយមាសសម្រាប់ការចេញទៅប្រកួតលើកនេះពិបាកបន្តិច ប៉ុន្តែបាននូវបទពិសោធន៍ល្អៗជាច្រើន ដើម្បីឈានឆ្ពោះទៅ Sea Games នាពេលខាងមុខ។ ការប្រកួតនេះ ថ្វីដ្បិតតែជាជើងឯកអាស៊ីអាគ្នេយ៍ក៏ពិតមែន ប៉ុន្តែមានបូកប្រទេសក្រៅតំបន់ចូលរួមប្រកួតជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជាអូស្រ្តាលី និងនូវែលសេឡង់ ដែលនាំឲ្យប្រភេទគីឡូខ្លះពិបាកបណ្តើមបានមេដាយ។

ជាមួយគ្នានេះ លោកស្រី ចូវ សុធារ៉ា គ្រូជំនួយក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា បានឲ្យដឹងដែរថា ការចេញទៅប្រកួតនៅប្រទេសសិង្ហបុរីនេះ គឺលទ្ធផលអាចទទួលយកបាន ដោយកីឡាករ-កីឡាការិនីកម្ពុជា ក៏បានហ្វឹកហាត់ជាប្រចាំ ហើយក៏ជាសញ្ញាណមួយយ៉ាងល្អ ក្នុងការឈានឆ្ពោះ ទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡា Sea Games នាចុងឆ្នាំ២០២៥ ដែលប្រទេសថៃទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។
បេសកកម្មអន្តរជាតិដ៏សំខាន់របស់ប្រតិភូកីឡាចំបាប់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងពីថ្ងៃទី១០-១២ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយក្រុមកីឡាករ-កីឡាការិនី កីឡាចំបាប់កម្ពុជា ដណ្តើមបានមេដាយ ៨គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ ៤គ្រឿង ។

ក្រុមប្រតិភូអត្តពលិកកម្ពុជាមានចំនួនសរុប ១៧នាក់ទទួលបានការ ឧបត្ថម្ភគាំទ្រពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខេមអេដ ក្នុងគោលបំណងបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតសាកល្បង និងវាស់ស្ទង់ ពង្រឹងសមត្ថភាពឲ្យបានកាន់តែល្អ ប្រសើរ ដើម្បីត្រៀមការប្រកួតកីឡា Sea Games លើកទី៣៣ នាខែថ្នូ ឆ្នាំ២០២៥នេះ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ៕

Most Popular

To Top