ថៃ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ភ្ញៀវទេសចរជនជាតិអ៊ុយក្រែន ម្នាក់ត្រូវបានចាប់ខ្លួន នៅកោះរមណីយដ្ឋានភូកេត របស់ប្រទេសថៃ បន្ទាប់ពីបានចោទប្រកាន់ថា រូបនេះបានលួចខុនដូ ជួលមួយកន្លែង ហើយបណ្តាលឲ្យខូចខាតជាង ៣៥ ម៉ឺនបាត (១០,៤៩២ ដុល្លារ) ។
យោងតាមសារព័ត៌មាន Bangkok Post ដកស្រង់សម្តីម្ចាស់ផ្ទះបាននិយាយថា ហេតុការណ៍នេះបានកើតឡើង បន្ទាប់ពីម្ចាស់ខុនដូបានចែក រម្លែកបទពិសោធន៍របស់ខ្លួន តាមប្រព័ន្ធអ៊ីនធើណើត។ នាងបានទទួលសារពីអ្នកជួល ដែលប្រាប់នាងថា នាងបានចេញពីបន្ទប់ ហើយបោះចោលសោរ។ ពេលចុះពិនិត្យខុនដូនោះ ម្ចាស់បានរកឃើញផ្ទាំងគំនូរយ៉ាងច្រើនសន្ធឹកសន្ធាប់ និងស្នាមឆ្កូតគ្របលើជញ្ជាំង និងពិដាន។
Khaosod English បានរាយការណ៍ថា អាជ្ញាធរអន្តោប្រវេសន៍ថៃបានចាប់ខ្លួនជនសង្ស័យដែលត្រូវបានគេស្គាល់ថាឈ្មោះ Anastasia អាយុ ២០ ឆ្នាំ នៅអាកាសយានដ្ឋាន Phuket កាលពីចុងសប្តាហ៍មុន ខណៈនាងព្យាយាម ចាកចេញពីប្រទេសនេះ ។
មេប៉ូលិសក្នុងតំបន់ លោក Somsak Thongkliang បាននិយាយ ថា នាង Anastasia ត្រូវបានគេរាយការណ៍ថា បានសារភាពថា បាន ធ្វើឲ្យខូចខាត ក្នុងអំឡុងពេលសាកសួរដំបូងដោយប៉ូលីស ដោយអះអាងថា នាងបានធ្វើសកម្មភាព ដោយមានការខកចិត្តចំពោះប្រាក់កក់ របស់នាងមិនត្រូវបានប្រគល់មកវិញ។
ស្ថានការណ៍កាន់តែតានតឹងនៅពេល ដែលនាង Anastasia មិនបានចូលរួមកិច្ចប្រជុំ ដែលបានគ្រោង ទុកជាមួយអ្នកស៊ើបអង្កេត ដែលនាំឱ្យអាជ្ញាធរចេញដីកាចាប់ខ្លួន ។ ប៉ូលីសបានតាមដាននាង ជាបន្តបន្ទាប់ទៅកាន់ខុនដូ មួយផ្សេងទៀតនៅភូកេត ជាកន្លែងដែលនាងត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ៕
