ភ្នំពេញ ៖ ក្រុមបាល់ទាត់សហភាពសហព័ន្ធ យុវជនកម្ពុជា “ស.ស.យ ក” បានក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតកីឡាបាល់ទាត់ មិត្តភាព រៀបចំឡើង ដើម្បីលើកកម្ពស់ការបរិច្ចាគឈាម ក្រោយយកឈ្នះក្រុម Cambodia All Star ក្នុងលទ្ធផលបច្ចេកទេស ១-០ បន្ទាប់ពីការប្រកួត យ៉ាងស្វិតស្វាញ់នៅវគ្គផ្តាច់ព្រ័ត្រ ក្រោមគំនិតផ្តួចផ្តើមពី សំណាក់លោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងប្រធានស.ស.យ ក
ព្រឹត្តិការណ៍នេះ បានរៀបចំនាថ្ងៃទី១៨ ខែឧសភានៅកីឡដ្ឋាន ISI ដង្កោសែនជ័យ រាជធានីភ្នំពេញ ដោយមានក្រុម ចូលរួមចំនួន ៤ រួមមានក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ ស.ស.យ ក ក្រុម ផ្តារីកគ្រប់រដូវ និងក្រុម Cambodia All Star ចំពោះការប្រកួតប្រព្រឹត្តឡើង ក្នុងគោលបំណង លើកកម្ពស់ការបរិច្ចាគឈាម ដែលជាសកម្មភាព មនុស្សធំម៌។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាងក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា “ស.ស.យ ក” និង ក្រុម Cambodia All Star បានបញ្ចប់ដោយលទ្ធផល១ទល់នឹង០ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញពេញ៤០នាទីពីរដង ។ ជាលទ្ធផល ក្រុមបាល់ទាត់ ស.ស.យ កម្ពុជា បានក្លាយជាអ្នកឈ្នះជើងឯក ក្នុងការប្រកួតលក្ខណៈសប្បុរសធម៌នេះ ។

ក្រោយបញ្ចប់ការប្រកួត លោក គុជ ឆៃយ៉ា អ្នកចាត់ការទូទៅក្រុមបាល់ទាត់ ពិធីករកីឡាកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួតកីឡា ដើម្បីបង្កបរិយាកាសឲ្យមានភាព សប្បាយរីករាយនោះទេ ប៉ុន្តែក៏ជាការ ចូលរួមជួយសង្គ្រោះជីវិតមនុស្សតាមរយៈការបរិច្ចាគឈាមក្នុងពេលដែលតម្រូវការឈាមនៅមន្ទីរពេទ្យកាន់តែច្រើន។ លោកបន្ថែមថា ព្រឹត្តិការណ៍បន្ទាប់ នឹងត្រូវរៀបចំ នៅខេត្តសៀមរាប ជាផ្នែកមួយនៃយុទ្ធនាការបន្ត ដើម្បីលើកទឹកចិត្ត ការបរិច្ចាគឈាមនៅតំបន់ជនបទ និងពង្រីកសកម្មភាពគាំទ្រ តាមខេត្តនានាទៀតផង។
សម្រាប់ខែមិថុនានេះ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទាត់មនុស្សធម៌នៅខេត្តសៀមរាប ដោយរូបលោក និងក្រុមការងារបានជួយជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំការប្រកួតមនុស្សធម៌ ដូចដែលក្រុមលោកបាន ធ្វើនៅភ្នំពេញកាលខែកុម្ភៈ ។

ចំពោះការរៀបចំអោយមាន ការប្រកួត សប្បុរសធម៌ស្វែងរកការបរិច្ចាគ ឈាមជួយសង្គ្រោះជីវិតមនុស្ស នេះ មិនមែនជាការប្រកួត កម្រិតអាជីពនោះទេ គ្រាន់តែជាការប្រកួតមិត្តភាព លក្ខណៈសប្បាយៗ ដែលមានការចូលរួម ពីបណ្តាល ពិធីករកីឡា សិល្បៈករ ថ្នាក់ដឹកនាំមួយចំនួន ដើម្បីការងារមនុស្សធម៌ក្នុងសង្គមប៉ុណ្ណោះ ៕

