កីឡា

មិនយូរទេសង្វៀន «ស្តេចប្រដាល់កណ្តាប់ដៃមាស» នឹងមាននៅក្នុងកម្មវិធីទូរទស្សន៍ ថោន

ថ្មីទៀតហើយ ដាក់ឱ្យផ្អើលអស់ឋានទាំងបី ស្ថានីយវិទ្យុ និងទូរទស្សន៍ ថោន ហ្វូលអេចឌីធីវី បង្កើតសង្វៀនគុនខ្មែរថ្មីមួយទៀត «ស្តេចប្រដាល់កណ្តាប់ដៃមាស» ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ថោន គ្រុប បន្តកិច្ចខិតខំថែរក្សា អភិរក្ស និងអភិវឌ្ឍលើវិស័យប្រដាក់គុនខ្មែរ ឱ្យមានឈ្មោះបោះសម្លេងល្បីរន្ទឺលើឆាកអន្តរជាតិ។

ក្រុមហ៊ុន TOWN Entertainments Group បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Beijing Jinda Material Trade Culture Co.,Ltd សម្រេចរួមគ្នាបង្កើតសង្វៀនគុនខ្មែរ «ស្តេចប្រដាល់កណ្តាប់ដៃមាស» កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅស្ថានីយវិទ្យុ និងទូរទស្សន៍ ថោន រវាង ឯកឧត្តម វ៉ា សុធា សហស្ថាបនិកក្រុមហ៊ុន ថោន គ្រុប ជាស្វាមីលោកជំទាវ ឧកញ៉ា ជួប មាន អគ្គនាយិកា ជាមួយនឹងលោក លី ចុងហ្វី អគ្គនាយកក្រុមហ៊ុន Beijing Jinda Material Trade Culture Co.,Ltd ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលោក លី ចុងហ្វី អគ្គនាយកក្រុម ប៉េកាំង ជីងតា បានសម្តែងពីភាពជោគជ័យរបស់កម្ពុជាលើវិស័យគុនខ្មែរបានល្បីសុះសាយជាសកលធ្វើឱ្យ INTERNATION COMBAT ASSOCIAN (ICA) ទទួលស្គាល់ពីសមត្ថភាពពិត និងទេពកោសល្យរបស់កីឡាករគុនខ្មែរខ្លាំង ពូកែ។ នៅពេលនេះ ICA សម្រេចដាក់បញ្ចូលអត្តសញ្ញាណ «គុនខ្មែរ» ជាសមាជិកថ្មីដោយមានទង់ជាតិ «កម្ពុជា» នៅលើខ្សែក្រវ៉ាត ICA ។

អំណឹះតទៅ កីឡាករគុនខ្មែរតាមរយៈ TOWN WORLD KUN KHMER ARENA មានសិទ្ធិបញ្ជូនកីឡាករគុនខ្មែរចេញទៅប្រកួតលើសង្វៀតកំរិតអន្តរជាតិ «ស្តេចប្រដាល់កណ្តាប់ដៃមាស» ចំនួន ៧៥ប្រទេស និងតាមរយៈដៃគូ ICA មានជាច្រើនប្រទេសផ្សេងទៀតទូទាំងពិភពលោក។ ក្រៅពីនេះ ICA ក៏មានកម្មវិធីផ្លាសប្តូរហ្វឹកហាត់ បណ្តុះបណ្តាលបច្ចេកទេសដល់កីឡាករគ្នាទៅវិញទៅមកថែទៀត។

ថ្លែងក្នុងពិធីខាងលើនៅស្ថានីយវិទ្យុ និងទូរទស្សន៍ ថោន លោក វ៉ា សុធា នេះជាមោទកភាពក្នុងនាមជាកូនខ្មែរបន្តរួមគ្នាលើកស្ទួយថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យប្រដាក់គុនខ្មែរ ឱ្យមានឈ្មោះបោះសម្លេងល្បីរន្ទឺជាសកល។

លោកបន្ថែមទៀតថា ថ្ងៃនេះ (១៨ ឧសភា) TOWN WORLD KUN KHMER ARENA បានសហការជាមួយ INTERNATION COMBAT ASSOCIAN (ICA) មានមូលដ្ឋានទីស្នាក់ការនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន បានរួមគ្នាបង្កើតសង្វៀនគុនខ្មែរ «ស្តេចប្រដាល់កណ្តាប់ដៃមាស» ការបង្កើតសង្វៀនថ្មីក្រោមកិច្ចសហការលើកស្ទួយគុណភាពកីឡាករ ផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាតម្រាក្បួនខ្នាត បញ្ចូលលក្ខខណ្ឌន្តិកៈ និងបន្ថែមរូបមន្តថ្មីដោយមិនបោះបង់ក្បួនខ្នាតបូរាណបង្កើតសង្វៀន «ស្តេចប្រដាល់កណ្តាប់ដៃមាស» ជាឱកាសដល់កីឡាករគុនខ្មែរសាងកេរ្តិ៍ឈ្មោះឱ្យល្បីរន្ទឺលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត លោក វ៉ា សុធា ថ្លែងបន្តទៀតថា ក្នុងការដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ រាជរដ្ឋាភិបាលតែតែខិតខំយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡា និងក្លាយទៅជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយទៀតក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន ឱ្យឈានឡើងកាន់តែខ្ពស់ថែមមួយកម្រិតទៀតរវាងប្រជាជន និងប្រជាជន។

លោក បញ្ជាក់ថាកិច្ចទំនាក់ទំនងចុះ MOU រវាង TOWN WORLD KUN KHMER ARENA ជាមួយនិង INTERNATION COMBAT ASSOCIAN មិនបានន័យថាកីឡាករខ្មែរ ត្រូវប្រកួតជាមួយកីឡាករចិនសុទ្ធនោះទេ ពោលគឺ កីឡាករគុនខ្មែរមានសិទ្ធិប្រកួតបានជាមួយគ្រប់កីឡាករចំរុះជាតិសាសន៍ជាសមាជិក និងដៃគូសហការរបស់ ICA ទូទាំងពិភពលោក។

ក្នុងពិធីចុះ MOU កាលពីព្រឹកថ្ងៃទី១៨ ឧសភា មានអ្នកចូលធ្វើជាសក្ខីភាពរួមមាន៖
លោក វ៉ាន់ ផល ទីប្រឹក្សាសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា
លោក ហើស សិរីធន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោក យ៉ាង ហៃ ប្រធានសមាគម ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា-ចិន និងជាទីប្រឹក្សាក្រសួងអធិការកិច្ច
លោក សយ សុភាព ប្រធានសមាគមសារព័ត៌មានកម្ពុជា-ចិន និងជាអគ្គនាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល គណៈប្រតិភូថ្នាក់ដឹកនាំនៃ សម្ព័ន្ធសម្តេចប្រដាល់ពិភពលោក (ICA)។

សូមជម្រាបជូនថា ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះសង្វៀន «ស្តេចប្រដាល់កណ្តាប់ដៃមាស» ដំបូងគេនៅលើដែនដីនៃប្រទេសកម្ពុជា អាចធ្វើឡើងនៅរាជធានីភ្នំពេញ ឬនៅខេត្តសៀមរាប ឬនៅខេត្តព្រះសីហនុ ដោយកីឡាករកំរិត A ចំរុះជាតិសាសន៍បានត្រៀមចូលរួមសង្វៀនដ៏អស្ចារ្យមួយនេះ៕

Most Popular

To Top