កូរ៉េខាងត្បូង ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា ឪពុករបស់កីឡាករបាល់ទាត់ឆ្នើមរបស់កូរ៉េខាងត្បូង Son Heung-min និងបងប្រុសច្បងលោក បានទទួលការព្យួរការហាមឃាត់ ពួកគេពីការចូលរួមការប្រកួត បន្ទាប់ពីត្រូវបានកាត់ទោសពីបទរំលោភ បំពានលើកុមារក្នុងនាមជា គ្រូបង្វឹកបាល់ទាត់យុវជន។
លោក Son Woong-jung នាយកសាលាបាល់ទាត់ SON និងជាឪពុករបស់កីឡាករបាល់ទាត់ Son Heung-min ត្រូវបានសមាគមកីឡាបាល់ទាត់ប្រចាំតំបន់ សម្រេចព្យួរការងារ រយៈពេល ៣ ខែ បន្ទាប់ពីការផ្តន្ទាទោស របស់លោកពីបទរំលោភបំពានលើកុមារពាក់ព័ន្ធនឹងកីឡាករយុវជន។
ក្រោមការផ្អាកនេះលោក Son Woong-jung មិនអាចចូលរួមក្នុងការប្រកួតណាមួយ ដែលរៀបចំដោយក្រុមប្រឹក្សាកីឡាកូរ៉េ ឬសាខារបស់ខ្លួន។ គណៈកម្មាធិការយុត្តិធម៌កីឡារបស់សមាគម បាល់ទាត់ខេត្តគ្រប់គ្រងពិសេស Gangwon បានចេញបម្រាមនេះជាវិធានការ តាមដានដោយផ្អែក លើការរកឃើញពីមជ្ឈមណ្ឌលក្រមសីលធម៌ កីឡាក្រោមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។
ទន្ទឹមនឹងលោក Son Woong-jung គ្រូបង្វឹកមកពីសាលា ក៏ទទួលបានការផ្អាករយៈពេល៣ខែផងដែរ។ លោក Son Heung-yun ជាបងប្រុសរបស់លោក Son Heung-min និងជាគ្រូបង្វឹកនៅសាលាត្រូវបានចេញបម្រាមរយៈពេល៦ ខែ។ គណៈកម្មាធិការបានទទួលស្គាល់ការប្រព្រឹត្តអំពើហិង្សារបស់គាត់ ប៉ុន្តែបានបញ្ជាក់ថា ហេតុការណ៍នេះហាក់ដូចជា “សកម្មភាពរំជើបរំជួលដោយ មានកាលៈទេសៈបន្ធូរបន្ថយពិសេស។
មេធាវី Ryu Jae-yul តំណាងឲ្យជនរងគ្រោះបានដាក់ពាក្យសុំការវាយតម្លៃឡើងវិញនៃករណីនេះដោយនិយាយថា ការរំលោភបំពានបានកើតឡើងច្រើនដង ដូច្នេះវាមិនអាចមើលឃើញថា គ្រាន់តែជាការរំជើបរំជួលទេ។
លោក Son Woong-jung និងអ្នកទាំង ២ នាក់ផ្សេងទៀតក៏បានប្តឹងឧទ្ធរណ៍ចំពោះចំណាត់ការវិន័យផងដែរ។
ជាធម្មតា ឥទ្ធិពលវិន័យត្រូវបានផ្អាកក្នុងអំឡុងពេលពិនិត្យបណ្តឹងឧទ្ធរណ៍។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីដែលពាក់ព័ន្ធនឹងអំពើហឹង្សា ឬការរំលោភសិទ្ធិមនុស្ស ការព្យួរនៅតែមានសុពលភាព។
ដូច្នេះហើយ អ្នកទាំងបីត្រូវបានហាមឃាត់មិន ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ទាំងអស់ រៀបចំដោយក្រុមប្រឹក្សាកីឡាកូរ៉េ និងសាខារបស់ខ្លួន ខណៈពេលដែលការត្រួតពិនិត្យកំពុងដំណើរការ៕
